ទោះបច្ចុប្បន្នលេចធ្លោខ្លាំងជាង Morata នៅតែនិយាយបែបនេះដាក់ខ្លាចាស់ Ronaldo ទៀត

55988
  • ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុមសេះបង្កង់ Juventus បានធ្វើការកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករ Cristiano Ronaldo បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគ្នាក្នុងជ័យជម្នះ ៤-១ លើក្លិប Ferencvaros ក្នុងក្របខ័ណ្ឌ Champions League ។
    ដៃគូប្រយុទ្ធជួមុខទាំង២ ដែលធ្លាប់រួមក្រុមជាមួយគ្នានៅឯ Real Madrid និងបានបន្តរួមក្រុមជាមួយគ្នាជាលើកទី២ បន្តទៀតនៅ Juventus កាលពីរាត្រីថ្ងៃពុធ ដោយខ្សែប្រយុទ្ធអេស្ប៉ាញ Morata ជាតួអង្គដ៏សំខាន់នៅក្នុងជ័យជម្នះនេះ ជាមួយការស៊ុតបញ្ចូលទីចំនួន ២គ្រាប់ម្នាក់ឯង។ ចាប់តាំងពីវិលត្រឡប់មកជាលើកទី២ Morata រកបាន ៦គ្រាប់ពីការប្រកួតចំនួន ៧លើកក្រោមការដឹកនាំក្រុមរបស់លោក Andrea Pirlo នៅរដូវកាល២០២០/២០២១។
    Morata បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ខ្ញុំមិនចាំបាច់ប្រាប់អ្នកពីអ្វីដែល Ronaldo តំណាងឱ្យនិងអ្វីដែលគាត់នាំមកឱ្យក្រុមនោះទេ។ គាត់គឺជាមិត្តរួមក្រុមដ៏អស្ចារ្យម្នាក់ គាត់និយាយទៅកាន់អ្នកទាំងអស់គ្នា ជួយអ្នកទាំងអស់គ្នា និងជាកីឡាករសំខាន់បំផុតរបស់យើង។ យើងសង្ឃឹមថាគាត់អាចបន្តរកគ្រាប់បាល់ ហើយនាំយើងទៅកម្រិតដែលគាត់បានគិតក្នុងគំនិតរបស់គាត់”។
    នៅលើទម្រង់លេងដ៏ល្អរបស់គាត់ចាប់តាំងពីវិលត្រឡប់មកទីក្រុង Turin វិញ Morata បានបន្ថែមទៀតថា៖ “ខ្ញុំបាននិយាយនៅពេលដែលខ្ញុំត្រលប់មកទីនេះវិញថា ខ្ញុំមានអារម្មណ៍ថាដូចជាកីឡាករពេញលេញម្នាក់ ហើយខ្ញុំបានក្លាយជាមនុស្សម្នាក់ដោយឆ្លងកាត់អ្វីដែលល្អ និងអាក្រក់នៅក្នុងអាជីពរបស់ខ្ញុំ។ វាជាបទពិសោធន៍នៃការរៀនសូត្រ។ ការជម្រុញដែលខ្ញុំចង់បាននៅក្នុងបាល់ទាត់របស់ខ្ញុំ គឺដូចគ្នានឹងមនុស្សគ្រប់រូបត្រូវការក្នុងជីវិតមានអារម្មណ៍ចង់បាននិងស្រលាញ់។ ខ្ញុំគិតថា ខ្ញុំមានអ្វីៗទាំងអស់ដែលខ្ញុំត្រូវការនៅក្លឹប Juventus ។ ខ្ញុំនៅតែអាចធ្វើឱ្យប្រសើរឡើង ហើយខ្ញុំជឿជាក់ថាយើងនឹងបន្តរីកចម្រើនជាមួយគ្នានិងឆ្ពោះទៅមុខកាន់តែឆ្ងាយ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី