
អ្នកបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយនឹងអ្នកដែលបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់ AKP នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលខាងលើបានបញ្ជាក់ថា៖ “រាល់អ្នកដែលបានបម្រើការងារដោយផ្ទាល់ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ-១៩ នៅប្រទេសថៃកាលពីថ្ងៃម្សិលមិញនោះ បានទៅធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ ប្រមាណ ៦២៨នាក់រួចរាល់ហើយ ហើយលទ្ធផលគឺពុំមានវិជ្ជមានវីរុសកូវីដ-១៩នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកគាត់ត្រូវតែបន្តធ្វើការដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត ដោយត្រូវតាមដានសុខភាពខ្លួនឯងបន្ថែមទៀត”។
លោកស្រីវេជ្ជបណ្ឌិតបន្ថែមទៀតថា ដោយឡែក រាល់អ្នកដែលបានប៉ះពាល់ដោយប្រយោល ឬគិតថាខ្លួនឯង បានប៉ះពាល់បន្តជាមួយនឹងអ្នកទាំង ៦២៨នាក់នេះ គឺអាចស្វែងរកការពិនិត្យសុខភាព ឬធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការសង្ស័យ និងជ្រះស្រឡះក្នុងចិត្ត ប៉ុន្តែពួកគាត់ក៏ត្រូវតែតាមដានសុខភាពខ្លួនឯងចំនួន ១៤ថ្ងៃផងដែរ។
សូមជម្រាបថា លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅប្រទេសថៃ៕
ដោយ៖ សំណាង