កម្ពុជា ស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិ បន្តទិញទំនិញពីកម្ពុជា ដើម្បីជួយដល់ពលរដ្ឋខ្មែរ

287867
  • មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិ បន្តទិញទំនិញពីកម្ពុជា ដើម្បីលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។
    នៅក្នុង “សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា កាលពីថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង សួរ រដ្ឋលេធិការក្រសួងការងារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួង-ស្ថាប័ន អង្គការជាតិ- អន្តរជាតិ និង អ្នកបញ្ជាទិញអន្តរជាតិជាដើម។ល។
    លោកបន្តទៀតថា អាចមានឱកាស ១-ដើម្បីពិនិត្យលើការរកឃើញជាគន្លឹះនៃការពិគ្រោះយោបល់ឆ្នាំ២០២០ ជាមួយភាគីពាក់ព័ន្ធលើស្ថានភាពរបស់វិស័យ និងការគាំទ្រទៅលើផែនការរួម។ ២-ដើម្បីទទួលបានធាតុចូលសំខាន់ៗ លើចំណុចអាទិភាពនៃផែនការរួម, ការគ្រប់គ្រង, តួនាទីនិងការទទួលខុសត្រូវ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលនិងប្រភពធនធាន។ ៣-ដើម្បីទទួលបានការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធទៅលើភាពជាម្ចាស់ការ និងភាពជាដៃគូរនៅក្នុងផែនការរួម និងទី៤-ដើម្បីឈានទៅរកការឯកភាពលើនីតិវិធី ក្នុងការឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍនិងការដាក់ឱ្យប្រើប្រាស់ផែនការរួមសម្រាប់ជំហានបន្ទាប់។
    ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួម និងការសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាចលករដ៏សំខាន់ក្នុងការធានាបានការអភិវឌ្ឍវិស័យទាំងនេះ ប្រកបដោយចីរភាព។ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនៅក្នុងគម្រោងនានា ដែលធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងផលិតភាពការងារ ដែលជាចំណុចមិនអាចខ្វះបានឡើយ៕ ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី