
Manchester United បានទាក់ទងទៅកាន់លោក Mauricio Pochettino ដោយសម្លឹងយកមកជំនួសកៅអីរបស់លោក Ole Gunnar Solskjaer។
បើយោងតាមរាយការណ៍បានឱ្យដឹងថា បិសាចក្រហមបានទាក់ទងជាមួយតំណាងរបស់អតីតអ្នកចាត់ការក្លិប Tottenham Hotspur បន្ទាប់ពីក្រុមយក្ស Premier League បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខណៈពេលដែលវាត្រូវបានគេនិយាយថា កៅអីរបស់លោក Solskjaer កំពុងឡើងកម្ដៅ តាំងមុនពេលចាញ់ក្រុម Istanbul Basaksehir មកម្លេះ ប៉ុន្តែក្លិបមានការស្ទាក់ស្ទើរក្នុងការបណ្តេញគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះចេញ។ ប៉ុន្តែក្រុមបិសាចក្រហមអាចនឹងធ្លាក់មកចំណាត់ថ្នាក់លេខ ១៧ នៅ Premier League ប្រសិនបើពួកគេបន្តចាញ់ក្រុម Everton នៅថ្ងៃសៅរ៍នេះ ដែលជាហេតុធ្វើឲ្យក្លឹបមានផែនការបម្រុងទុកជាមុន។
Solskjaer បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការប្រឈមបាត់បង់ការងាររបស់គាត់នោះទេ បន្ទាប់ពីការបរាជ័យដ៏អាម៉ាស់កាលពីរាត្រីថ្ងៃពុធ ដូច្នេះវានៅតែត្រូវបានគេមើលឃើញថានឹងមានអ្វីកើតឡើង ប្រសិនបើលោកនៅតែបន្តដឹកនាំទម្រង់បែបនេះទៀត៕
ដោយ៖ តារា