ឆ្នាំ២០២០នេះ វិស័យទេសចរណ៍កម្ពុជា នឹងបាត់បង់ចំណូលប្រមាណ ៣ពាន់លានដុល្លារ ដោយសារកូវីដ១៩

273659
  • តាមការព្យាករណ៍បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០% ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
    នៅក្នុងសិក្ខាសាលាមួយស្ដីពីវិបត្តិកូវីដ-១៩ នៅខេត្តសៀមរាប លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងទេសចរណ៍ បានលើកឡើងថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០% សម្រាប់ទេសចរអន្តរជាតិ និង៥០% សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក។
    ជាមួយគ្នានេះ លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន ២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ៈពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦នាក់ ក្នុងនោះខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍ ៦៥៨ទីតាំង បានបិទ/ព្យួរ ដែលស្មើនឹង ៦២.១៣% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប បណ្តាលឱ្យបុគ្គលិកសរុប១៤,៧០២នាក់ បាត់បង់ការងារ។
    ដើម្បីត្រៀមខ្លួនស្តារវិស័យទេសចរណ៍ទ្បើងវិញ តាមរយៈការបង្កើតទំនុកចិត្តថ្មីសម្រាប់គោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំដាក់ឆ្លងរាជរដ្ឋាភិបាលនូវឯកសារយុទ្ធសាស្រ្តសំខាន់ៗរួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា (២០២០-២០២៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប(២០២០-២០៣៥) និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣០)៕ ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី