
លោក Zlatko Dalic ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ក្រូអាត បានលើកឡើងថា Luka Modric គួរតែឈ្នះពានរង្វាន់ជាលក្ខណៈបុគ្គលជាច្រើននៅក្នុងរដូវកាលនេះ ។ ហើយគ្រូបង្វឹកដែលបាននាំប្រទេស ក្រូអាត ទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ២០១៨ បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើពាក្យសម្ដីភ្នាក់ងាររបស់ Ronaldo នោះឡើយ ។
លោក Zlatko Dalic បាននិយាយថា៖ “Modric បានឈ្នះពានរង្វាន់ Champions League ចំនួន ៤ លើកជាមួយក្លឹប ម៉ាឌ្រីដ បីដងជាប់ៗគ្នា ហើយបានឈានដល់ចំណាត់ថ្នាក់ទី ២ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ។ ខ្ញុំសង្ឃឹមថានេះមិនមែនជាពានរង្វាន់ចុងក្រោយរបស់គាត់ទេ ហើយវាក៏ជាពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំផងដែរ ។ ហើយគាត់ក៏សមនឹងទទួលបានផងដែរ ។ FIFA POTY នឹងក្លាយទៅជាមកុដនៃអាជីពរបស់គាត់ “។
លោកបន្តទៀតថា៖ “ខ្ញុំដឹងថា Luka មានការកោតសរសើរចំពោះក្រុម ហើយវាទទួលបានជោគជ័យ ប៉ុន្តែនេះគឺជាពានរង្វាន់បុគ្គលនិងជាការទទួលស្គាល់ដ៏អស្ចារ្យមួយដល់គាត់ ហើយនេះគឺជាការទទួលស្គាល់ដល់យើងទាំងអស់គ្នាដែលនៅជុំវិញគាត់និងធ្វើការជាមួយគាត់ ។ គាត់សប្បាយចិត្តនិងមានមោទនភាពដូចយើង។ ខ្ញុំជឿថា ក្រូអាត ទាំងអស់គឺសប្បាយចិត្ត “។
នៅលើពាក្យសម្ដីរបស់លោក Jorge Mendes ដែលបាននិយាយថាកីឡាករ Cristiano Ronaldo សាកសមឈ្នះពានរង្វាន់នេះជាងកីឡាករ Modric ខណះគ្រូបង្វឹករូបនេះមិនបាននិយាយអ្វីនោះឡើយដោយនិយាយត្រឹមថា៖ “នោះមិនសមនឹងទទួលបានការអត្ថាធិប្បាយទេ” ៕
ដោយ៖តារា