
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ចំនួនពីរ ក្នុងទុនវិនិយោគសរុបចំនួនជិត ៦លានដុល្លារ នឹងលេចវត្តមានឆាប់ៗខាងមុខលើទឹកដីព្រះរាជាណាចក្រកម្ពុជា បង្កើតឱកាសការងាររាប់រយកន្លែងជូនពលរដ្ឋខ្មែរ។
បើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។ ២. HARMONY APPAREL CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕
ដោយ៖ បូណា