
ថ្មបុរាណចំនួន៣ដុំ ត្រូវបានវត្តព្រះឥន្ទកោសាប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ។
បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ កាលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយគ្នានេះ បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក ឈូក សុម៉ាឡា ក៏បានបញ្ជាក់ថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ទាំងអស់។ ថ្ម២ដុំ ជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀត ជាចម្លាក់ខឿនប្រាសាទមានលម្អដោយក្បាច់ផង។ វត្ថុទាំង៣នេះ នឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីរក្សាសុវត្ថិភាព ចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុកជាប្រយោជន៍សម្រាប់កិច្ចការផ្សេងៗ។
ក្នុងឱកាសនោះផងដែរ ព្រះតេជគុណ តាត មហាទី ព្រះអង្គក៏បានមានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ព័ន្ធដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង។ ព្រះអង្គក៏ឱ្យដឹងទៀតថា ចំពោះថ្ម២ដុំដែលពុំមានរូបរាងច្បាស់លាស់នោះ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះ គឺស្ថិតក្នុងចំនួន១០ដុំផ្សេងគ្នាដែលយកមកពីវត្តពោធ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនរក្សាទុកក្រោមបល្លង្គព្រះ បើរដ្ឋការត្រូវការពេលណា ព្រះអង្គនឹងស្ម័គ្រព្រះទ័យក្នុងការប្រគល់ជូនដោយរីករាយ៕
ដោយ៖ សំណាង