កម្ពុជា-ជប៉ុន សហការគ្នាដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅជប៉ុន

9701
  • កម្ពុជា-ជប៉ុន ដាក់ទិសដៅរយៈពេល ៥ឆ្នាំជួយពលរដ្ឋចេះខ្មែរឱ្យចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមអនុស្សរណៈរវាងកម្ពុជា និងជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
    នៅក្នុងការចុះហត្ថលេខាអនុស្សរណៈរវាងភាគីទាំងពីរ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ថោង រដ្ឋស័ក្តិ បានបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។ មន្ត្រីជាន់ខ្ពស់ខាងលើបានបន្តទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ នៅពេលផុតអាណត្តិនេះ ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការបន្តគម្រោងទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះនឹងចាប់អនុវត្តចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រ ដូចជាស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះទៅ គម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ លោក ថោង រដ្ឋស័ក្តិ ក៏សង្កត់ធ្ងន់ថា នៅពេលផលិតបានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុនចែកចាយដែលជាគ្រុបរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍នៅកម្ពុជា និងមួយចំនួននៅរាជធានីភ្នំពេញ ដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ។ លោកអគ្គនាយក ឱ្យដឹងទៀតដែរថា បន្លែដែលនឹងអនុវត្តការដាំដុះដំបូងមានប្រមាណ ១០ មុខ ភាគច្រើនដែលជាបន្លែដាំលើដី រយៈពេលខ្លី និងអាស្រ័យទៅតាមតំបន់ដែលអំណោយផងដល់ដំណាំនីមួយៗ។
    ជាមួយគ្នានេះ លោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនបានឱ្យដឹងថា ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនរ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ពិសេសគឺប្រទេសជប៉ុន។ បើតាមប្រធានក្រុមហ៊ុនខាងលើ បាននិយាយទៀតថា ប្រជាពលរដ្ឋជប៉ុនមានការជឿទុកចិត្តចំពោះផលិតផលកសិផលដែលនាំចេញពីកម្ពុជា ឱ្យតែផលិតផលណាដាក់ថា «Made in Cambodia» គឺពួកគេពិតជាពេញនិយមចូលចិត្តទិញយកទៅទទួលទាន និងប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ៕ ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី