
កម្ពុជា-សហភាពអឺរ៉ុបពង្រឹងពាណិជ្ជកម្ម-វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម បានចេញផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
កិច្ចពិភាក្សានេះក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ៕
ដោយ៖ សំណាង