ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ នឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២០នេះដដែល

12846
  • ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ នឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២០នេះដដែល មិនមានការផ្លាស់ប្ដូរនោះទេ។ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
    លោក វ៉ាត់ ចំរើន បានបញ្ជាក់ឱ្យដឹងថា ចំពោះជំហរនៃការរៀបចំនេះយើងនៅតែរក្សាការរៀបចំដដែល ប៉ុន្តែយើងរៀបចំយ៉ាងម៉ឺនម៉ាត់នូវវិធានការណ៍ការការពារនៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយនៅពេលអ្នករត់ប្រណាំងទាំងអស់ ដែលបានចូលរួមនឹងត្រូវអនុវត្តវិធានការសុខាភិបាលដូចជាវាស់កម្តៅ លាងសម្អាតអនាម័យ រក្សាគម្លាតបុគ្គលជាដើម ដែលនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩នេះ យើងមានអ្នកចូលរួមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ មិនដូចឆ្នាំកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៩ លើកទី២៤ គឺមានអ្នកចូលរួមរត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ឯណោះ។ សម្រាប់គម្រោងរៀបចំ នាថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅតំបន់អង្គរ គឺយើងនឹងរៀបចំឲ្យមានការប្រមូលផ្តុំរត់ជាផ្នែកតូចៗ ចន្លោះ២០ទៅ៣០នាក់ មានចម្លោះសុវត្ថិភាពរត់ជានិមិត្តរូប ហើយពេលរត់មកដល់ទីវិញ គឺបំបែកគ្នា ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏សំខាន់ប្រចាំឆ្នំាធ្លាប់ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនអាចលុបចោលបាន។
    លោកអគ្គលេខាធិការក៏បានឱ្យដឹងទៀតថា ទិវារត់ប្រណាំងអង្គរ ឆ្នាំ២០២០នេះ មិនមានអ្នកចូលរួមមកពីក្រៅប្រទេសទេ ដោយឈ្មោះអ្នកទាំងនោះរក្សាទុកសម្រាប់ឆ្នាំ២០២១វិញ ដោយរក្សាការចូលរួមតែអ្នករត់បរទេស ដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមរត់កម្សាន្តសប្បាយ និងចូលរួមអបអរសាទរនៃខួបលើកទី២៥ឆ្នាំនៃទិវារត់ប្រណាំអន្តរជាតិដ៏ទាក់ទាញ់ខ្លាំងបំផុតប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយដល់កិច្ចការសង្គម និងសប្បរសធម៌៕ ដោយ៖ វិទូ រូបភាព៖ SEA GAEME 2023

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី