
សម្រាប់អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាច្បាស់ជាស្គាល់មិនចន្លោះឡើយនូវខ្សែការពារដ៏ល្អមួយរូបរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺ ទៀង ទីនី។ កីឡាករដែលមានដើមកំណើតមកពីសៀមរាបម្នាក់នេះគឺជាកីឡាករដែលកំពុងតែប្រកបអាជីពរបស់ខ្លួននៅក្នុងក្លិបបាល់ទាត់ វិសាខា ដែលទើបតែឡើងមកកាន់ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់កម្ពុជានារដូវកាលថ្មី ២០១៨នេះ។
បើមើលច្បោលៗលោកអ្នកប្រាកដជាគិតថា ទីនី គ្រាន់តែប្រកបអាជីពបាល់ទាត់ដើម្បីតែចិញ្ចឹមក្រពះតែប៉ុណ្ណោះ។ តែវាពុំមែនដូច្នោះឡើយ ទីនី បានបកស្រាយឲ្យដឹងថា តាំងពីចូលប្រឡូកជាអ្នកទាត់បាល់នៅឆ្នាំ២០០០ ជាមួយក្រុម ខេមរាកីឡា មកគឺលោកបានដាក់គោលដៅរបស់ខ្លួនជាស្រេចថា និងប្រើជីវិតមួយនេះផ្សាភ្ជាប់ និងវិស័យបាល់ទាត់ជារៀងរហូត។
សព្វថ្ងៃនេះ ទៀង ទីនី មិនត្រឹមតែជាកីឡាកររបស់ វិសាខា តែប៉ុណ្ណោះទេតែគេក៏ជាគ្រូជំនួយផងដែរ។ ទីនី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់បន្ថែមទៀតថា លោកនិងយកបទពិសោធន៍ និងចំំណេះដឹងទាំងអម្បាលម៉ានមកចែករំលែកដល់កូនខ្មែរជំនាន់ក្រោយដោយមិនលាក់លៀមអ្វីឡើយ។ លោកចង់ឃើញកីឡាករបាល់ទាត់ខ្មែរមានការរីកចម្រើនជាពិសេសតាមរយៈក្មេងៗជំនាន់ក្រោយនេះតែម្តង។
ទោះជាមានវ័យ ៣១ឆ្នាំហើយក្តី ក៏លោកនៅតែមានអារម្មណ៍ថាមិនទាន់នឿយណាយចំពោះការរត់ប្រកួតនៅលើទីលានឡើយ។ ចំពោះថ្ងៃអនាគតវិញ ទៀង ទីនី អះអាងថាលោកនឹងមិនចាកចេញទៅណាឆ្ងាយពីវិស័យបាល់ទាត់ទេបើទោះជារូបលោកត្រូវចូលនិវត្តន៍នៅពេលណាមួយក្តី ពោលគឺចង់ធ្វើជាគ្រូបង្វឹកបាល់ទាត់តែម្តង។
លោកអ្នកប្រហែលជាមិនដឹងទេថា ទៀង ទីនី កំពុងកាន់សញ្ញាប័ត្របញ្ជាក់ការសិក្សាភាពជាគ្រូបង្វឹកបាល់ទាត់កម្រិតB ដែលទទួលស្គាល់ដោយ FIFA ឬ FIFA B License នាពេលបច្ចុប្បន្ន ហើយក៏កំពុងតែបន្តការសិក្សាយកកម្រិត A នាពេលខាងមុខនេះដែរ។ ដូចនេះហើយទើបបានជាលោកចង់ធ្វើជាគ្រូបង្វឹកបាល់ទាត់យ៉ាងដូច្នេះ។
គួររម្លឹកឡើងវិញផងដែរថា ទៀង ទីនី ជាអតីតកីឡាកររបស់ក្លិបមួយចំនួនដូចជា ខេមរាកីឡា ណាហ្គាខប ភ្នំពេញក្រោន ណាហ្គាវើល និង ខេមបូឌាថៃហ្គឺ ហើយក៏ជាកីឡាករជម្រើសជាតិកម្ពុជាផងដែរ។
ជាចុងក្រោយលោកបានក្រើនរម្លឹកក៏ដូចជាអំពាវនាវដល់យុវជនកកម្ពុជាឲ្យងាកមកលេងកីឡាឲ្យបានច្រើន ជៀសវាងចំណាយពេលវេលាទៅប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពើមមិនទទួលស្គាល់។
ដោយ៖ តារា