ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំឆ្នាំនេះ យកតាមទម្រង់ស៊ីហ្គេម ដើម្បីឆ្ពោះទៅស៊ីហ្គេម ២០២៣

11810
  • ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំឆ្នាំនេះ យកតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។
    អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ហង់ ស៊ីមន បានឱ្យដឹងថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងធ្វើឡើងនាថ្ងៃ៥-៦ ខែធ្នូ ឆាប់ៗខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រើប្រាស់តាមរបៀបរបបការប្រកួតអន្តរជាតិ និងតាមទម្រង់ស៊ីហ្គេម ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកស្រីបន្តថា វិញ្ញាសាដែលគ្រោងនឹងដាក់ឲ្យប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២នេះ នឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចង់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេសឲ្យមានគុណភាពមួយ តាមស្តង់ដារអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា កំពុងខិតខំដុសខាត់ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០៣ (CAMSOC)។
    គួរជម្រាបជូនថា ការប្រកួតកីឡារំាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ មានវិញ្ញាសាដាក់ឲ្យប្រកួតចំនួន ១៥វិញ្ញាសា ក្នុងនោះដូចជាវិញ្ញាសារាំគូ រាំឯកត្តជន។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឲ្យចូលរួមប្រកួត បេក្ខជនគឺជាកីឡាករ កីឡាការិនីក្នុងសមាគម ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមានកាយសម្បទាល្អផងដែរ៕ ដោយ៖ វិទូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី