
Lionel Messi បានផ្តល់នូវបទសម្ភាសន៍យ៉ាងទូលំទូលាយមួយទៅកាន់វិទ្យុ Catalunya ដែលលោកបាននិយាយអំពីមហិច្ឆតារបស់ក្លិប FC Barcelona ក្នុងការឈ្នះពានរង្វាន់ Champions League នារដូវកាលថ្មីនេះនិងនិយាយអំពីបញ្ហាជាច្រើនទៀត ។ ជាការពិតណាស់ប្រធានបទនៃការចាកចេញគួរឱ្យភ្ញាក់ផ្អើលរបស់កីឡាករ Cristiano Ronaldo ពីក្លិប Real Madrid ក៏ត្រូវបានគេនាំយកមកនិយាយដែរ ។ ការប្រកួតប្រជែងគ្នារវាងប្រធានក្រុមអាហ្សង់ទីននិងប្រធានក្រុមព័រទុយហ្គាល់ ជិត ១០ ឆ្នាំ មកហើយនៃក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ ។
កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហើបឱ្យដឹងថាគាត់មានការភ្ញាក់ផ្អើលនឹងការសម្រេចចិត្តរបស់កីឡាករ Cristiano Ronaldo ក្នុងការចូលរួមជាមួយ Juventus បន្ទាប់ពីបានចំណាយពេលអស់ ៩ ឆ្នាំនៅពហុកីឡដ្ឋាន Santiago Bernabeu ។ ESPN បានដកស្រង់ពាក្យសម្ដីរបស់ Lionel Messi ដែលបាននិយាយថា៖ “វាបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនៅពេលដែលគាត់ចាកចេញ ។ ខ្ញុំមិនស្រមៃថាគាត់ចាកចេញពីក្លឹប Real Madrid ឬចូលរួមក្រុម Juventus នោះទេ ។ មានក្រុមជាច្រើនចង់បានគាត់ ។ វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលប៉ុន្តែគាត់ ទៅក្រុមដ៏ល្អមួយ “។
ទោះជាយ៉ាងណាក៏ដោយ Messi មើលឃើញសញ្ញាវិជ្ជមានសម្រាប់ Barcelona ក្នុងការចាកចេញរបស់ Cristiano ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះពិតណាស់ថាក្រុមយក្សអេស្ប៉ាញម៉ាឌ្រីដនឹងមិនមានបញ្ហានោះទេក្រោយពីការចាកចេញរបស់ Ronaldo ។ លោកបានបន្តថា៖ “ក្លិប Real Madrid គឺជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅក្នុងពិភពលោក ហើយពួកគេមានក្រុមដ៏អស្ចារ្យ ប៉ុន្តែវាជាភស្តុតាងដែលថាអវត្តមានកីឡាករ Ronaldo ធ្វើឱ្យពួកគេមិនសូវល្អ “។
Cristiano Ronaldo បានចាកចេញពីក្លឹប Real Madrid ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅនេះជាមួយតម្លៃផ្ទេរ ១០០ លានអឺរ៉ូ ។ ក្រោយពីមិនមានវត្តមានខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ក្រុម Los Blancos បានបាត់បង់ពាន UEFA Super Cup ក្រោមថ្វីជើងក្លឹប Atletico Madrid ប៉ុន្តែ Real Madrid មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេនៅក្របខ័ណ្ឌ La Liga រយះពេល ៣ ប្រកួតកន្លងមកនេះ ។ ខណះ FC Barcelona កំពុងឈរលើកំពូលតារាងនៃលីគកំពូលអេស្ប៉ាញ ដែលបានលើគ្រាប់បាល់របស់ក្រុម Real Madrid បន្ទាប់ពីពួកគេបានផ្តួលក្រុមចំណូលថ្មី Huesca ក្នុងលទ្ធផល ៨-២ កាលពីថ្ងៃអាទិត្យទៅនេះ ៕
ដោយ៖តារា