Boateng៖ ដំបូងខ្ញុំគិតថា Ronaldo ជាកីឡាករល្អបំផុត ប៉ុន្តែពេលជួប Messi ទើបដឹងថាផែនដីនេះធំ

69049
  • Kevin-Prince Boateng បាននិយាយថា គាត់ទើបតែដឹងថា Lionel Messi ពិតជាល្អខ្លាំងណាស់អំឡុងពេលគាត់នៅឯក្លឹប Barcelona ដែលជាហេតុធ្វើឱ្យគាត់ពិចារណាចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់តែម្ដង។
    Boateng បានចូលរួមជាមួយក្រុមកាតាឡាន់ក្នុងលក្ខខណ្ឌខ្ចីជើងដ៏គួរឱ្យភ្ញាក់ផ្អើលពីក្លិប Sassuolo នៅខែមករា ឆ្នាំ ២០១៩ និងបានភ្លក់រសជាតិឈ្នះពានរង្វាន់ La Liga អំឡុងរយៈពេល ៦ ខែរបស់គាត់នៅអេស្ប៉ាញ ទោះបីជាទទួលបានពេលវេលាលេងតិចតួចក៏ដោយ។
    កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានបន្តដំណើរទៅកាន់ Fiorentina ហើយបន្ទាប់មកទៅចូលរួមជាមួយក្រុម Besiktas មុនពេលចូលរួមជាមួយក្រុមនៅក្របខណ្ឌ Serie B ក្លិប Monza នៅមុនរដូវកាលបច្ចុប្បន្ន។ រំលឹកពីពេលវេលារបស់គាត់នៅ Camp Nou ក្នុងរដូវកាល២០១៨-១៩ Boateng សារភាពថា គាត់ស្ទើមិនជឿថា គាត់ត្រូវបានក្លឹបយក្សមួយដូចជា Barca ចង់បានខ្លួនទៅលេងនោះទេ។
    Boateng បានប្រាប់ DAZN ថា៖ “រយៈពេល ៦ ខែនៅ Barcelona មិនគួរឱ្យជឿ។ ដំបូងខ្ញុំមិនជឿវាទេ។ ខ្ញុំគិតថាវាជា Espanyol ដែលចង់បានខ្ញុំ។ មិនមែនជា Barcelona ពិតប្រាកដទេ! ការហ្វឹកហាត់ជាមួយ Messi បានធ្វើឱ្យខ្ញុំនិយាយលែងចេញ។ ខ្ញុំតែងតែនិយាយថា Cristiano Ronaldo គឺល្អបំផុតនៅលើពិភពលោក ប៉ុន្តែ Messi គឺជាអ្វីផ្សេងទៀត។ គាត់មិនធម្មតាទេ។ នៅពេលហ្វឹកហាត់ជាមួយគាត់ ខ្ញុំមានអារម្មណ៍ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្ញុំ។ គាត់កំពុងធ្វើអ្វីដែលមិនគួរឱ្យជឿ។ ខ្ញុំមានអារម្មណ៍ចង់និយាយថា ‘ខ្ញុំគិតរួចហើយ ខ្ញុំនឹងឈប់លេង!”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី