
អតីតកីឡាកររបស់ក្លឹប Real Madrid និង FC Barcelona លោក Ronaldo Luis Nazario de Lima បានទិញភាគហ៊ុនចំនួន ៥១% របស់ក្លឹប Real Valladolid ដែលបានធ្វើឲ្យគាត់ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្លឹបមួយនេះ ។
ទោះបីជាលោកបានកាន់កាប់ភាគហ៊ុនធំជាងគេនៅក្លឹបនេះក៏ដោយក៏វិរៈបុរសប្រេស៊ីលរូបនេះនៅតែឲ្យលោក Carlos Suarez ដែលជាប្រធានក្លឹបនាពេលបច្ចុប្បន្នកាន់ដំណែងជាប្រធានក្លឹបបន្តទៀតដដែល ។
លោក Ronaldo បាននិយាយនៅក្នុងសន្និសីទសារពត៌មានកាលពីថ្ងៃច័ន្ទថា៖ “យើងចង់រីកលូតលាស់ និងឈានដល់កម្រិតដែលយើងអាចទៅរួច ។ ខ្ញុំនឹងប្រើពាក្យបួនឃ្លាដើម្បីបញ្ជាក់ពីនយោបាយរបស់យើងគឺ ភាពប្រកួតប្រជែង តម្លាភាព បដិវិត្ត និងសង្គម ។ ខ្ញុំហ៊ានធានាចំពោះមុខអ្នកថា ខ្ញុំស្រឡាញ់តំបន់ Castilla-Leon ទីក្រុង Valladolid និងក្លឹប Real Valladolid “។
ក្លឹប Real Valladolid បានឡើងមកលេងនៅក្របខ័ណ្ឌ Laliga នៅរដូវកាលថ្មីនេះ តាមរយះការលេងវគ្គ playoffs កាលពីរដូវកាលមុន ។ ក្លឹបចំណូលថ្មីមួយនេះបានបើកឆាកប្រកួតតំបន់តាមត្រឹមស្មើជាមួយក្លឹប Girona និងក្លឹប Getafe ហើយបានបន្តចាញ់ក្លឹបយក្ស FC Barcelona ១ ទល់នឹង ០ ៕
ដោយ៖តារា