
លោក Andre Villas-Boas គ្រូបង្វឹករបស់ក្រុម Marseille និយាយថា អាវលេខ ១០ នៅគ្រប់ក្រុមទាំងអស់ជុំវិញពិភពលោក គួរតែត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដើម្បីផ្តល់កិត្តិយសដល់លោក Diego Maradona បន្ទាប់ពីការស្លាប់លាចាកលោករបស់គាត់នាពេលថ្មីៗនេះ។
ម្ចាស់ពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ និងជាអតីតវីរបុរស Napoli, Barcelona និង Boca Juniors បានទទួលមរណភាពកាលពីថ្ងៃពុធ បន្ទាប់ពីមានជំងឺគាំងបេះដូង។ ទន្ទឹមនឹងនេះដែរអភិបាលក្រុង Naples លោក Luigi De Magistris បានអំពាវនាវឱ្យក្លិប Napoli ប្ដូរឈ្មោះកីឡដ្ឋាន San Paolo របស់ខ្លួនទៅជាឈ្មោះរបស់វីរបុរសអាហ្សង់ទីនរូបនេះវិញ។
Maradona នឹងត្រូវបានគេចងចាំថា ជាកីឡាករដ៏ល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយគាត់គឺជាម្ចាស់អាវលេខ១០ ដែលធ្វើឱ្យធ្វើអាវលេខនេះល្បីកក្រើក ហើយកីឡាករជំនាន់ក្រោយសុទ្ធសឹងតែប្រាថ្នាពាក់អាវលេខនេះនៅក្នុងអាជីពរបស់ពួកគេ។ លោក Villas-Boas បានស្នើរសុំឱ្យ FIFA គួរតែផ្តល់កិត្តិយសដល់អតីតកំពូលកីឡាករលោក Maradona ដោយដាក់អាវលេខ១០ ឱ្យចូលនិវត្តន៍នៅទូទាំងពិភពលោក។
គ្រូបង្វឹក Marseille បានរៀបរាប់ថា៖ “វាជាដំណឹងអាក្រក់ណាស់ក៏ដូចជាការបាត់បង់សមាជិកក្រុមប្រឹក្សាភិបាលម្នាក់នៅឯ Porto ដែលពិតជាសំខាន់សម្រាប់ខ្ញុំ ដែលជាមនុស្សទីមួយដែលបានបើកទ្វារសម្រាប់ខ្ញុំក្នុងពិភពគ្រូបង្វឹក។ ការបាត់បង់ម៉ារ៉ាដូណា វាជាដំណឹងដ៏អាក្រក់បំផុត ខ្ញុំចង់ឱ្យ FIFA ដាក់អាវលេខ ១០ ចូលនិវត្តន៍នៅក្នុងការប្រកួតទាំងអស់ និងសម្រាប់ក្រុមទាំងអស់។ វាជាការគោរពដ៏ល្អបំផុត ដែលយើងអាចធ្វើបានសម្រាប់គាត់។ គាត់គឺជាការបាត់បង់ដ៏មិនគួរឱ្យជឿសម្រាប់ពិភពបាល់ទាត់”៕
ដោយ៖ តារា