
យោងតាមសារព័ត៌មាន Le Parisien បានឱ្យដឹងថា លុយគឺជាបញ្ហាធំសម្រាប់ក្លិប Real Madrid ហើយពួកគេនឹងមិនអាចមានលទ្ធភាពក្នុងការចុះកុងត្រាជាមួយ Kylian Mbappe នៅរដូវក្តៅខាងមុខនេះទេ។
Mbappe ជាទិសដៅកំពូលរបស់ Real Madrid ជាច្រើនរដូវកាលមកហើយ ប៉ុន្តែដោយសារជំងឺរាតត្បាតឆ្លងកូវីដ-១៩ បាននាំឱ្យពួកគេមានការខាតបង់ប្រាក់យ៉ាងច្រើននៅឯក្លឹប ហើយការពិតកំពុងកំណត់ថាកិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិបារាំងវ័យក្មេងរូបនេះ ប្រហែលជាមិនអាចកើតមានឡើងនោះឡើយ។
គួរជម្រាបជូនថា ក្លិបស្ដេចស Real Madrid នៅតែស្វះស្វែងរកខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់មកជំនួសកន្លែង Cristiano Ronaldo ដែលបានចាកចេញទៅក្លិបសេះបង្កង់ Juventus កាលពីឆ្នាំ២០១៨។ បើទោះជាពួកគេបាននាំយកតារាឆ្នើមៗជាច្រើនដូចជា Eden Hazard ក្នុងតម្លៃរាប់លានក៏ដោយ ប៉ុន្តែហាក់មិនសមប្រកបនោះឡើយ ហើយគេជឿជាក់ថា Mbappe នឹងជាកីឡាករសាកសមបំផុតក្នុងការទៅជំនួសម៉ាស៊ីនរកគ្រាប់វ័យ ៣៥ឆ្នាំខាងលើ៕
ដោយ៖ វិទូ