គ្រូបង្វឹក Barca លោក Koeman ថា ចង់ឱ្យ Messi លេងឬសម្រាក ខ្ញុំជាអ្នកសម្រេចចិត្ត

18285

គ្រូបង្វឹកលោក Ronald Koeman កំពុងមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ Lionel Messi សម្រាប់ជំនួបជាមួយក្រុម Ferencvaros ជើងទី២ នៃវគ្គជម្រុះតាមពូលពានរង្វាន់ក្របខណ្ឌ UEFA Chmapions League។
ដោយខកខានការទទួលជ័យជម្នះ ៤-០ នៅក្រៅទឹកដីលើក្រុម Dynamo Kyiv កាលពីសប្តាហ៍មុន Messi នឹងអាចខកខានម្តងទៀតនៅពេលដែល Barcelona ជួបជាមួយក្រុម Ferencvaros ខណៈក្រុមយក្សអេស្ប៉ាញមួយនេះបានទទួលកៅអីសុវត្ថិភាពរួចទៅហើយ ក្នុងការឆ្ពោះទៅវគ្គបន្តនៃពានកំពូលអឺរ៉ុបមួយនេះ។
លោក Koeman បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “វាមិនមែនជារឿងធម្មតាទេ ដែល Messi សម្រាក ខ្ញុំដឹងរឿងនេះ ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់អំពីរឿងនេះ ទោះបីការសម្រេចចិត្តជារបស់ខ្ញុំក៏ដោយ។ បើនិយាយពីប្រតិទិនគឺរដូវកាលនេះ មានពេលវេលាពីរដែលខ្ញុំអាចសម្រាកគាត់ មួយនៅទីក្រុងគៀវ និងថ្ងៃស្អែក”។
គ្រូ Barca រូបនេះបន្តទៀតថា៖ “យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយវិធីនេះខ្ញុំអាចផ្តល់ឱកាសដល់អ្នកដទៃ។ យើងត្រូវការឈ្នះការប្រកួតនៅថ្ងៃសៅរ៍នៅ LaLiga ដូច្នេះនេះគឺជាពេលវេលាសមស្របសម្រាប់គាត់ដើម្បីសម្រាក។ បន្ទាប់ពីថ្ងៃស្អែកនឹងមិនមានឱកាសផ្សេងទៀតដើម្បីធ្វើដូច្នោះទេ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី