មិនមែនលំៗទេ! មួយគ្រាប់យប់មិញនេះ គឺជាគ្រាប់បាល់ទី៧៥០ នៅក្នុងអាជីពរបស់ខ្លាចាស់ C.Ronaldo

38783

កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៧៥០គ្រាប់នៅក្នុងអាជីពរបស់ខ្លួនកាលពីយប់ថ្ងៃពុធ ខណៈពេលដែលនេះជាការស៊ុតបាល់បញ្ចូលទីចំនួន ៧៥ គ្រាប់សម្រាប់ក្រុម Juventus ផងដែរ។
Ronaldo បានស៊ុតបញ្ចូលទីនៅនាទីទី៥៧ ធ្វើឱ្យ Juventus នាំមុខក្រុមភ្ញៀវ Dynamo Kiev ២ទល់នឹង០ មុនពេលតារាខ្ចីជើង Alvaro Morata បន្ថែមមួយគ្រាប់ទៀត ដើម្បីជួយឱ្យក្រុមយក្សអ៊ីតាលីទទួលជ័យជម្នះយ៉ាងងាយស្រួល ៣-០ នៃពានរង្វាន់ Champions League។ មួយគ្រាប់កាលពីយប់មិញនេះជាគ្រាប់លើកទី១០ របស់គាត់សម្រាប់រដូវកាល២០២០/២០២១ និងគ្រាប់ទី២ នៅក្នុងក្របខណ្ឌ Champions League ដោយគ្រាប់ទី១ គាត់បានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុម Ferencvaros ។ ហើយវាក៏ជាគ្រាប់បាល់លើកទី ៧៥ របស់ Ronaldo សម្រាប់ក្រុម Juventus ផងដែរ ខណៈបច្ចុប្បន្នម៉ាស៊ីនរកគ្រាប់ខាងលើ ក៏ជាអ្នកឆ្ពោះទៅបំបែកកំណត់ត្រាស្ដេចរកគ្រាប់ច្រើនបំផុតនៅកម្រិតអន្តរជាតិជាមួយព័រទុយហ្កាល់ផងដែរ។ Ronaldo បានទាត់បញ្ចូលទីសរុបចំនួន ១០២ គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ ដែលធ្វើឱ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រទេស។
គាត់ក៏បានស៊ុតបញ្ចូលទីចំនួន ១១៨ គ្រាប់ឱ្យក្រុមបិសាចក្រហម Manchester United បើទោះបីគ្រាប់បាល់របស់ Ronaldo មួយភាគធំបានកើតឡើងជាមួយ Real Madrid ក៏ដោយ។ អំឡុងពេលគាត់នៅប្រទេសអេស្ប៉ាញ CR7 រកគ្រាប់បាន ៤៥០គ្រាប់ និងលើស ១២៧ គ្រាប់ច្រើនជាងអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី ២ របស់ក្លឹប។ Ronaldo ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបច្ចុប្បន្ន ៤ នាក់ស៊ុតបញ្ចូលទីលើស ៥០០គ្រាប់ ដែលក្នុងនោះរួមមាន Lionel Messi, Zlatan Ibrahimovic និង Robert Lewandowski ហើយមានតែ Ronaldo និង Messi ប៉ុណ្ណោះដែលអាចស៊ុតបញ្ចូលទីលើស ៧០០គ្រាប់៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី