
អតីតកីឡាករវ័យក្មេងរបស់ក្លឹបកាំភ្លើងធំ Arsenal ខ្សែប្រយុទ្ធ Stephy Mavididi បានកោតសរសើរដល់កីឡាករ Cristiano Ronaldo ដែលបានជួយដល់ការអភិវឌ្ឍន៍របស់ខ្លួន ដោយសារភាពថាការហ្វឹកហាត់ជាមួយកំពូលតារាឆ្នើមរបស់ក្រុម Juventus គឺបានជួយខ្លួនច្រើនណាស់។
Mavididi បានចំណាយពេល ៥ ឆ្នាំក្នុងឈុតយុវជនរបស់ក្រុម Arsenal មុនពេលតម្លើងទៅលេងក្នុងឈុតធំជាលើកដំបូងនៅឆ្នាំ ២០១៦ ប៉ុន្តែគេមិនអាចស្ថិតទៅក្នុងផែនការរបស់លោក Arsene Wenger ដែលជាគ្រូបង្វឹកកាលពីគ្រានោះឡើយ។
អតីតកីឡាករអន្តរជាតិអង់គ្លេសអាយុក្រោម ២០ ឆ្នាំរូបនេះ ត្រូវបានបញ្ចូនទៅឱ្យក្លិប Charlton Athletic ចំនួនពីរដង និង Preston North End ម្តង មុនពេលត្រូវបានលក់ទៅឱ្យក្រុម Juventus ក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្នុងឆ្នាំ ២០១៨ ដែលដំបូងឡើយក៏មានឱកាសអង្គុយនៅកៅអីបម្រុងរបស់ក្រុមយក្សអ៊ីតាលីផងដែរ ប៉ុន្តែមិនបានលេងសោះ មុនពេលបន្តលក់ទៅឱ្យក្រុមបារាំង Montpellier ក្នុងឆ្នាំ២០២០នេះ។
Mavididi បានប្រាប់កាសែត The Guardian អំពីឥទ្ធិពលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo ថា៖ “វាជាឯកសិទ្ធិមួយក្នុងការហ្វឹកហាត់ជាមួយគាត់។ វាបានជួយខ្ញុំច្រើនណាស់។ វាមិនមែនជាការទៅរកគាត់ហើយសួរគាត់ទេ។ អ្នកគ្រាន់តែមើលគាត់ហើយអ្នករៀនតាម”៕
ដោយ៖ តារា