
យោងតាមការសែត Diario Sport ដែលបានដកស្រង់សំដីចេញពីការសែតរបស់អ៊ីតាលី II Secolo XIX ថា ក្លឹប FC Barcelona បានចាត់ទុកខ្សែប្រយុទ្ធរបស់ក្រុម Genoa គឺកីឡាករ Krzysztof Piatek នឹងអាចមកជំនួសកីឡាករ Luis Suarez នាពេលអនាគតបាន ។
របាយការណ៍នេះបានបញ្ជាក់ទៀតថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្លឹបជាច្រើនក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្លឹបរបស់គាត់ ។ Piatek ទើបតែបានមកដល់ Genoa នៅរដូវក្តៅនេះពីក្លិប Cracovia Krakow ហើយបានរកគ្រាប់បាល់បានរហូតដល់ ៧ គ្រាប់ក្នុងរយះពេលត្រឹមតែ ៤ ប្រកួតតែប៉ុណ្ណោះ ។ កីឡាករវ័យក្មេងរបស់ប៉ូឡូញរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់កាលពីពេលប៉ះជាមួយនឹងក្រុម Lecce នៅក្របខ័ណ្ឌ Serie B ក្នុងពានរង្វាន់ Coppa Italia ។
ការសែត Diario Sport បានសន្មតថាការចាប់អារម្មណ៍របស់ក្លឹប Barcelona សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ដែលត្រូវបានគេហៅថា “Lewandowski ថ្មី” មានន័យថាពួកគេកំពុងស្វែងរកការជំនួសរយៈពេលវែងសម្រាប់កំពូលខ្សែប្រយុទ្ធ Luis Suarez នាពេលអណាគត ៕
ដោយ៖តារា