
ភ្នាក់ងារលោក Mateja Kezman បានអះអាងថាខ្សែបម្រើ Sergej Milinkovic-Savic បានទទួលការផ្តល់ជូនចំនួន ៨ លានអឺរ៉ូ ( ៧ លានផោន / ៩ លានដុល្លារ) ក្នុងមួយឆ្នាំ ប្រសិនផ្លាស់ទៅលេងនៅប្រទេសបារាំង ។
កីឡាករសញ្ជាតិស៊ែប៊ីរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ពីក្លិប Lazio នៅក្នុងទីផ្សាផ្ទេរនារដូវក្តៅនេះ ប៉ុន្តែនៅតែបន្តនៅក្នុងទីក្រុងរ៉ូមដ៏ដែល បើទោះបីជាត្រូវបានគេរាយការណ៍ថាមានក្លឹបធំៗជាច្រើនចង់បានរូបគេក្ដី ។ ក្នុងចំណោមក្រុមទាំងនោះមានក្រុម Real Madrid, Manchester United និង Paris Saint-Germain ជាដើម ហើយអ្នកតំណាងរបស់កីឡាកររូបនេះបានទម្លាយរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលកីឡាកររូបនេះត្រូវបានផ្តល់ជូនដ៏ពិសេសមួយពីសំណាក់ក្លឹបយក្សនៅក្របខ័ណ្ឌ Ligue 1 ។
លោក Kezman បាននិយាយប្រាប់កាសែត La Gazzetta dello Sport ថា៖ “មានក្រុមជាច្រើនចង់បាន Sergej ហើយយើងបានបង្ហាញពីការផ្តល់ជូនពិសេសគួរឱ្យចាប់អារម្មណ៍ទៅ Lazio ។ គាត់អាចរកលុយបានច្រើននៅកន្លែងផ្សេងទៀត ។ នៅប្រទេសបារាំងគេបានផ្តល់ឱ្យគាត់ ៨ លានអឺរ៉ូក្នុងមួយឆ្នាំ ។ ប៉ុន្តែនៅទីបញ្ចប់យើងបានទទួលយកការសម្រេចចិត្តរបស់ក្លឹបមិនឱ្យលក់ដោយមិនមានអំណះអំណាងណាមួយឡើយ ។ ពួកគេបានច្រានចោលការផ្តល់ជូនទាំងអស់ហើយយើងមិនដែលជំរុញឱ្យមានការផ្ទេរមួយឡើយដោយសារតែគាត់រីករាយនៅទីក្រុងរ៉ូម “។
លើសពីនេះទៅទៀតមហិច្ឆតារបស់ក្លឹបក្នុងការបញ្ចប់ក្នុងក្របខ័ណ្ឌកំពូលទាំងបួនក្នុងក្របខ័ណ្ឌ Serie A ក្នុងរដូវកាលខាងមុខគឺជាមូលហេតុបន្ថែមទៀតសម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅបន្ត ។ ភ្នាក់ងាររបស់កីឡាកររូបនេះបន្តថា៖”គាត់បានស្នាក់នៅព្រោះគាត់ចង់ឈ្នះពានក្របខ័ណ្ឌ Champions League ជាមួយ Lazio ។ ហើយគាត់មានអាយុត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ ហើយនៅក្រោមគ្រូបង្វឹកលោក Simeone Inzaghi គាត់កំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃហើយឆ្នាំនេះនឹងធ្វើឱ្យគាត់កាន់តែល្អ “៕
ដោយ៖តារា