កំពូលតារាប្រេស៊ីលគឺកីឡាករ Hulk របស់ក្លិប Shanghai SIPG បានឆ្លើយបកទៅវិញចំពោះអ្នកដែលរិះគន់ការផ្លាស់មកកាន់ប្រទេសចិនកាលពី ១៨ ខែមុន ដោយបានប្រកាសថារូបគេមិនមានការស្តាយក្រោយឡើយ ចំពោះការសម្រេចចិត្តចុះកុងត្រាជាមួយក្លិបចិនមួយនេះ។
Hulk បានបំបែកកំណត់ត្រាផ្ទេរដែលមានតម្លៃខ្ពស់បំផុតនៅអាស៊ី នៅពេលដែលរូបគេបានចុះកុងត្រាជាមួយ Shanghai SIPG ក្នុងតម្លៃដែលត្រូវបានឲ្យដឹងថា ៦០ លានដុល្លារ កាលពីខែ មិថុនា ២០១៦។ ពេលនេះ Hulk បានក្លាយជាកីឡាករប្រយុទ្ធដ៏គួរឲ្យក្លាចបំផុតនៅអាស៊ីទាំងមូល។ គាត់បានរំលឹកការចងចាំថា “មានព័ត៌មានជាច្រើន ខ្លះក៏ជាការរិះគន់ ដោយសារតែខ្ញុំជ្រើសរើសប្រទេសចិន តែ ១៨ ខែក្រោយមកខ្ញុំអាចនិយាយបានថាខ្ញុំសុខសប្បាយ និងរីករាយខ្លាំងណាស់នៅទីនេះ”។ “ខ្ញុំមិនសោកស្តាយនោះទេ”។
“ខ្ញុំបានសម្របខ្លួនបានយ៉ាងល្អនៅទីនេះ គ្រួសាររបស់ខ្ញុំក៏បានសម្របខ្លួនរស់នៅទីនេះ កូនៗរបស់ខ្ញុំពេញចិត្តទីនេះ ហើយប្រពន្ធរបស់ខ្ញុំក៏ពេញចិត្តដែរ។ ដូច្នេះគឹខ្ញុំត្រូវតែអរគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់ឱកាសនេះដល់ខ្ញុំ។ ខ្ញុំពិតជារីករាយ និងសង្ឃឹមថាអាចបន្តរស់នៅទីនេះយូរទៅមុខទៀត ដើម្បីឲ្យខ្ញុំអាចសាងប្រវត្តិរបស់ខ្ញុំបានដូចនៅ ព័រទុយកាល់ រុស្ស៊ី និង ជប៉ុន ដែរ។” កីឡាករវ័យ ៣១ ឆ្នាំរូបនេះដែលកន្លងមកបានស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការប្រកួត ៥២ លើកឲ្យក្លិប Shanghai SIPG យល់ថាបាល់ទាត់ចិនកំពុងតែដើរលើមាគា៌ដ៏ត្រឹមត្រូវ និងបាននិយាយថា លីគចិនគឺខ្លាំងណាស់មិនដូចអ្នកក្រៅនិយាយនោះទេ។