
អតីតមិត្តរួមក្រុមរបស់កីឡាករ Cristiano Ronaldo បានពន្យល់ពីមូលហេតុដែលក្លិប Real Madrid មិននឹកកំពូលតារាជើងស៊ុតបញ្ចូលទីគ្រប់ពេលរបស់ក្លឹបបន្ទាប់ពីគាត់បានចូលរួមជាមួយ Juventus កាលពីរដូវក្ដៅនេះ ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះបានចាកចេញពីក្លិប Los Blancos ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រាមួយដែលជាការលក់ដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ។ ថ្វីបើមានការចាកចេញក៏ដោយក៏ក្លិបយក្សអេស្ប៉ាញបានសម្រេចចិត្តមិនចុះហត្ថលេខាជាមួយនឹងកីឡាករឆ្នើមណាម្នាក់ដើម្បីទៅជំនួសកន្លែង Ronaldo នោះឡើយ ។ អតីតមិត្តរួមរបស់ Ronaldo កីឡាករសញ្ជាតិអស្ប៉ាញ Isco បានទទូចថាក្រុមរបស់គាត់មិនបាននឹកចំពោះប្រធានក្រុមព័រទុយហ្គាល់នោះទេព្រោះកីឡាករផ្សេងទៀតកំពុងតែកើនសមត្ថភាពខ្លាំងឡើងៗ ។
Isco បាននិយាយថា៖ “ឥឡូវនេះក្រុមរបស់យើងលេងបានល្អ ។ មានកីឡាករដែលកាលពីឆ្នាំមុនមិនបានស៊ុតបញ្ចូលទី ប៉ុន្តែឥឡូវពួកគេកំពុងធ្វើវា ។ សម្រាប់ពេលនេះយើងមិននឹក (Ronaldo) ទេ ប៉ុន្តែនេះទើបតែចាប់ផ្តើម ។ យើងសង្ឃឹមថានឹងបន្តដូចនេះហើយខ្ញុំសូមជូនពរអោយគាត់ល្អបំផុតនៅក្នុងប្រទេសអ៊ីតាលី “។
Isco ក៏បានថ្លែងផងដែរថាគ្រប់គ្នានៅក្លឹបគឺដឹងច្បាស់ពីការពិតដែលថាអ្នកខាងក្រៅនឹងធ្វើការវិនិច្ឆ័យថាតើវាជាគំនិតល្អទេក្នុងការលក់កីឡាករ Ronaldo ដោយផ្អែកទៅលើភាពជោគជ័យរបស់ក្លឹប Real Madrid នៅរដូវកាលមុន ។ ខ្សែបម្រើ-ប្រយុទ្ធ ឆ្នើមរបស់ក្លឹបអធិរាជសរូបនេះបន្តថា៖ “ច្បាស់ណាស់ Cris គឺជាកីឡាករដ៏អស្ចារ្យដែលធានាឲ្យអ្នក ៥០ គ្រាប់ក្នុងមួយរដូវកាល ប៉ុន្តែយើងដឹងពីបាល់ទាត់ ។ ប្រសិនបើយើងឈ្នះពួកគេនឹងនិយាយថាយើងមិននឹកគាត់ហើយប្រសិនបើយើងចាញ់នោះយើងនឹកគាត់ “៕
ដោយ៖តារា