
លោក Luis Enrique បានសរសើរដល់អ្នកចាំទី David de Gea ថាជាអ្នកចាំទីល្អបំផុតម្នាក់នៅក្នុងពិភពលោកបន្ទាប់ពីអ្នកចាំទីដៃទីមួយរបស់ក្លឹប Man Utd រូបនេះបានជួយឲ្យក្រុមគោជល់អស្ប៉ាញទទួលបានជ័យជម្នះ ២-១ លើក្រុមតោកំណាច់អង់គ្លេសនៅឯកីឡដ្ឋាន Wembley កាលពីយប់មិញនេះ ។
អតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះបានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “ខ្ញុំពិតជារីករាយជាពិសេសចំពោះការបំពេញតួនាទីរបស់ David ។ គាត់គឺជាអ្នកចាំទីដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយបានបង្ហាញខ្លួនដំបូងបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Premier League ។ ខ្ញុំមិនដែលមានការសង្ស័យទេ កំហុសពេលខ្លះជួយអ្នកឱ្យរីកចម្រើននិងខ្លាំងជាងមុន” ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ក្លឹប Atletico Madrid ដែលបានរកគ្រាប់បាល់ឲ្យអេស្ប៉ាញនៅតង់ទី ១ ក្រោយពី Rashford បានស៊ុតឱ្យអង់គ្លេសនាំមុខក៏ទទួលបានការលើកសរសើរពីគ្រូបង្វឹកថ្មីរូបនេះផងដែរ ។ លោក Luis Enrique បាននិយាយអំពីកីឡាករវ័យ ២៣ ឆ្នាំនេះថា៖ “ចំពោះ Saul ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ។ គាត់មានជំនាញ និងឆ្លាតវៃខ្លាំង សមជាកីឡាករអាជីព “៕
ដោយ៖តារា