បេះដូងអត់ចង់! Barcelona បដិសេធចុះហត្ថលេខាលើ Ronaldo ក្នុងតម្លៃ ១៧លានអឺរ៉ូ

63906

ក្លឹប Barcelona មានឱកាសក្នុងការចុះហត្ថលេខាជាមួយ Cristiano Ronaldo មុនពេលដែលគាត់ចូលរួមជាមួយក្រុម Manchester United នេះបើយោងតាមស្ដីលោក Joan Laporta ប៉ុន្តែអតីតប្រធានក្លឹបរូបនេះបានអះអាងថា គាត់មិនសោកស្តាយដែលបាត់បង់តារាព័រទុយហ្កាល់រូបនេះឡើយ។
ខ្សែប្រយុទ្ធដែលពោពេញទៅដោយទេពកោសល្យ Ronaldo បានក្លាយជាកំពូលកីឡាករឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ចាប់តាំងពីចូលរួមជាមួយ Manchester United ពីក្លិប Sporting កាលពីឆ្នាំ២០០៣។ ហើយបើទោះបីជាបច្ចុប្បន្នគាត់មានអាយុ ៣៥ ឆ្នាំយ៉ាងណាក្ដី ក៏ Ronaldo នៅតែបន្តធ្វើព្យុះធ្វើភ្ញៀងជាមួយក្លិបយក្ស Juventus នៅក្របខណ្ឌ Serie A រហូតមកដល់សព្វថ្ងៃ។ ជាការពិតគាត់បានឈ្នះពាន Ballon d’Or ៥សម័យកាល ប៉ុន្តែនៅតែឈរពីក្រោយតារាកំពូល Barcelona កីឡាករ Lionel Messi ដែលឈ្នះវាចំនួន ៦ដង ហើយអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុតលើភពផែនដី។
លោក Laporta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Iniestazo ថា៖ “យើងហៀបនឹងចុះហត្ថលេខាលើ Ronaldinho និង Rafa Marquez។ មនុស្សរបស់ Marquez បានស្នើសុំ Cristiano Ronaldo មកពួកយើង។ គាត់នៅ Sporting នៅពេលនោះ”។
លោករៀបរាប់ទៀតថា៖ “ភ្នាក់ងារម្នាក់របស់គាត់បាននិយាយថា ពួកគេមានកីឡាករម្នាក់ដែលពួកគេបានលក់ទៅឱ្យក្រុម Manchester United ក្នុងតម្លៃ ១៩ លានអឺរ៉ូ ប៉ុន្តែពួកគេនឹងលក់គាត់ឲ្យយើងក្នុងតម្លៃ ១៧ លានអឺរ៉ូ។ ប៉ុន្តែយើងបានវិនិយោគនៅ Ronaldinho រួចហើយនៅពេលនោះ។ Cristiano លេងបានច្រើនកន្លែងជាងតំបន់កណ្តាល។ យើងគិតថា យើងត្រូវបានគេគ្របដណ្តប់ ដូច្នេះយើងបានបដិសេធគាត់ ហើយខ្ញុំមិនសោកស្តាយទេ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី