Ter Stegen៖ ខ្ញុំមិនខ្វល់ថាយើងនឹងត្រូវជួបអ្នកណានៅវគ្គផ្តាច់ព្រ័ត្រឡើយ ទោះអាចប៉ះ Real

22059

Marc-Andre ter Stegen បាននិយាយបន្ទាប់ពីទម្លាក់ក្រុម Real Sociedad ឡើងទៅវគ្គផ្ដាច់ព្រ័ត្រថា៖ “គូប្រជែងចុងក្រោយ? ខ្ញុំមិនខ្វល់ថានរណាដែលយើងជួបនៅវគ្គផ្តាច់ព្រ័ត្រនោះទេ រឿងសំខាន់គឺយើងលេងដោយផ្តោតអារម្មណ៍និងភាពខ្លាំង”។
អ្នកចាំទីដៃស្អិតសញ្ជាតិអាល្លឺម៉ង់រូបនេះបន្តទៀតថា៖ “ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមនេះ យើងបានប្រឹងប្រែងជាខ្លាំង ដែលយើងសមនឹងទទួលបានជ័យជម្នះ។ នេះជាអ្វីដែលខ្ញុំតែងតែស្វែងរកដើម្បីជួយក្រុម។ យើងបានដឹងថាគូប្រជែងនឹងដាក់សម្ពាធយ៉ាងខ្លាំង ហើយពួកគេធ្វើបានយ៉ាងល្អ”។
Ter Stegen បានដើរតួនាទីយ៉ាងធំក្នុងការឈ្នះរបស់ Barcelona ទល់នឹងក្រុម La Real ។ អ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះ បានបញ្ចេញភាពប៉ិនប្រសប់ក្នុងនាមជាអ្នកចាំទី១ ដោយបានជួយសង្គ្រោះបាល់ប៉េណាល់ទីចំនួនពីរគ្រាប់ កាលពីយប់មិញ ធ្វើឱ្យក្រុមលោក Ronald Koeman រង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercup ដែលនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យទី ១៧ ខែមករានេះ ដោយក្រុម Barcelona នឹងត្រូវលេងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Real Madrid ប្រសិនបើក្រុមលោក Zidane ទម្លាក់ក្រុម Athletic Bilbao នារាត្រីនេះ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី