
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola ចង់វិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញមុនពេលបញ្ចប់អាជីពជាគ្រូបង្វឹករបស់គាត់ដើម្បីដឹកនាំក្រុម Barcelona B ម្តងទៀត ។
បុរសវ័យ ៤៧ ឆ្នាំរូបនេះបានដឹកនាំក្លឹប Barcalona B កាលពីឆ្នាំ ២០០៧ មុនពេលគាត់ក្លាយជាគ្រូបង្វឹករបស់ក្រុមឈុតធំមួយឆ្នាំក្រោយពីការចាកចេញរបស់លោក Frank Rijkaard ។ លោក Guardiola បានឈ្នះពានរង្វាន់ LaLiga បីដង , ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ( UEFA Champions League ) ចំនួន ២ ដង និង Club World Cup ចំនួន ២ លើកក្នុងរយៈពេល ៤ ឆ្នាំកន្លងមកមុនពេលទទួលបានជោគជ័យដូចគ្នានឹងក្លឹប Bayern Munich ។
បច្ចុប្បន្ននៅក្នុងរដូវកាលទីបីរបស់គាត់ជាមួយក្លឹប Manchester City គាត់កំពុងតែសង្ឃឹមថានឹងការពារពានរង្វាន់ក្របខ័ណ្ឌ Premier League ដែលពួកគេបានឈ្នះកាលពីរដូវកាលមុនជាមួយនឹងកំណត់ត្រាបំបែកឯតទគ្គកម្មចំនួន ១០០ ពិន្ទុហើយបានចង្អុលបង្ហាញថាលោកនឹងស្នាក់នៅប្រទេសអង់គ្លេសរយៈពេលមួយទសវត្ស ។ ទោះជាយ៉ាងណាក៏ដោយលោក Guardiola សង្ឃឹមថាខ្លួននឹងបញ្ចប់អាជីពរបស់គាត់នៅក្នុងនៅកន្លែងដដែលដែលលោកបានចាប់ផ្តើមវា ។
គាត់បាននិយាយទៅកាន់លោក Jorge Valdano នៅសាកលវិទ្យាល័យ Universidad Valdano ថា៖ “ក្រុមរបស់ខ្ញុំនឹងព្យាយាមលេងដូចអ្វីដែលខ្ញុំចង់បាន ។ ខ្ញុំនឹងបញ្ចប់អាជីពនៅកន្លែងដែលខ្ញុំចាប់ផ្ដើម វាជាជំហានចុងក្រោយរបស់ខ្ញុំ នឹងនៅជាមួយក្រុមយុវជន ។ ខ្ញុំសង្ឃឹមថាវានឹងក្លាយជាការប្រកួតរបស់ Barca “។
លោក Pep Guardiola ធ្លាប់បដិសេធមិនវិលត្រឡប់ទៅកាន់កីឡាដ្ឋាន Camp Nou វិញដើម្បីដឹកនាំក្លឹប Barcalona ប៉ុន្តែត្រូវបានគេទាក់ទងម្ដងទៀតជាមួយនឹងការវិលត្រលប់មកវិញជាមួយដំណែងប្រធានកីឡា ។ កិច្ចសន្យារបស់គាត់ជាមួយក្លឹបយក្សអង់គ្លេសនឹងផុតកំណត់នៅចុងរដូវកាល ២០២០-២១ ។ ក្លឹបមេឃខៀវ Manchester City បានរកបាន ១០ ពិន្ទុក្នុងការប្រកួត ៤ ប្រកួតកន្លងមកក្នុងការចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ៕
ដោយ៖តារា