មានតែ Luis Suarez ម្នាក់គត់ ដែលអាចធ្វើរឿងដ៏អស្ចារ្យមួយនេះជាមួយក្លិបថ្មី ដូច Ronaldo

37821

ការចាប់ផ្តើមជីវិតដ៏ក្តៅគគុករបស់ Luis Suarez នៅឯ Atletico Madrid ត្រូវបានគេមើលឃើញថា មានតែគេម្នាក់គត់ ដែលអាចធ្វើបានបន្ទាប់ពី Cristiano Ronaldo ខណៈដែលកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានស៊ុតបញ្ចូលទី ១ គ្រាប់ទៀតកាលពីថ្ងៃអាទិត្យ។
Suarez បានរកគ្រាប់បាល់ទី២ ក្នុងចំណោម ៣ គ្រាប់របស់ Atletico Madrid ទល់នឹង Valencia ដែលធ្វើឱ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ ។ Joao Felix ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Atletico Madrid នៅនាទីទី២៣ ពោលគឺត្រឹមតែ ១២ នាទីក្រោយ បន្ទាប់ពី Valencia រកបានគ្រាប់ដំបូងនាំមុខ ពីស៊ុតដោយកីឡាករ Uros Racic ។ Suarez បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៥៤ ដើម្បីជួយឲ្យ Atletico Madrid នាំមុខ មុនកីឡាករ Angel Correa ដាក់មួយគ្រាប់ទៀតនៅនាទីទី៧២ ជួយឱ្យ Atleti បន្តឈរកំពូលតារាងនាំមុខក្រុមលេខ២ Real Madrid ចំនួន ៧ពិន្ទុ។
មួយគ្រាប់របស់គាត់កាលពីថ្ងៃអាទិត្យ ធ្វើឱ្យ Suarez ស៊ុតបញ្ចូលទីបានចំនួន ១២គ្រាប់ក្នុងរដូវកាលនេះ ដោយលេងបានតែ ១៥ ប្រកួតប៉ុណ្ណោះរហូតមកដល់ពេលនេះ។ ការចាប់ផ្តើមរបស់ Suarez គឺល្អបំផុតសម្រាប់កីឡាករម្នាក់លេងនៅក្លឹបថ្មីមួយនៅ La Liga នេះបើគិតចាប់តាំងពីកីឡាករ Cristiano Ronaldo បានផ្លាស់ទៅកាន់ Real Madrid ដោយរកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ប្រកួតដំបូងរបស់គាត់។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយខាងលើបានផ្លាស់ប្តូរពី Barcelona កាលពីរដូវក្តៅមុន ដោយចូលរួមជាមួយ AT ក្នុងការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីត្រូវបានគ្រូបង្វឹកថ្មី Ronald Koeman ចាត់ទុកគេជាកីឡាករលើសតម្រូវការនៅឯក្លិបកាតាឡាន។ បច្ចុប្បន្ន អតីតខ្សែប្រយុទ្ធ Liverpool កំពុងឈរកំពូងតារាងជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅ La Liga ស្មើរគ្នាជាមួយ Youssef En-Nesyri ដោយរកបាន ១២ គ្រាប់៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី