
លោក Zinedine Zidane ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការទៅដឹកនាំនៅក្លឹបបីសាចក្រហម Manchester United ក្នុងរយះពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ។ លោក Julen Lopetegui ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Real Madrid បានសរសើរពីអតីតវិរៈបុរសរបស់ក្រុមមាន់គក់បារាំងរូបនេះយ៉ាងខ្លាំង និង គ្រាំទ្រយ៉ាងពេញទំហឹងឲ្យគាត់ត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញ ។
បុរសវ័យ ៤៦ ឆ្នាំរូបនេះថ្មីៗនេះបានបង្ហាញសុបិនរបស់គាត់ក្នុងការចង់ត្រលប់ទៅតំណែងគ្រូបង្វឹកវិញក្នុងរយៈពេលខ្លីបំផុតមួយដែលអាចធ្វើបាន ។ លោក Zidane បានឆ្លើយតបនៅពេលត្រូវបានសួរអំពីការវិលត្រឡប់ទៅកាន់ដំណែងគ្រូបង្វឹកវិញដោយនិយាយថា៖ “មិនយូរប៉ុន្មានទេ ខ្ញុំនឹងត្រលប់មកហ្វឹកហាត់វិញ ពីព្រោះវាជាអ្វីដែលខ្ញុំចូលចិត្តនិងជាអ្វីដែលខ្ញុំបានធ្វើអស់មួយជីវិតរបស់ខ្ញុំ” ។
គ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid លោក Lopetegui បានធ្វើការគាំទ្រយ៉ាងពេញទំហឹងអំពីបំណងប្រថ្នារបស់អតីតអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid រូបនេះដោយនិយាយថា៖ “វាជាការសម្រេចចិត្តផ្ទាល់ខ្លួនមួយនៅពេលសួរអំពី Zidane ដែលត្រលប់មកវិញ ។ ប្រសិនបើគាត់ចង់ហ្វឹកហាត់ជាថ្មីម្តងទៀតវាជាដំណឹងដ៏អស្ចារ្យព្រោះគាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ” ។
លោក Zidane ត្រូវបានគេរំពឹងថាអាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United ខណះអណាគតរបស់លោក Jose Mourinho កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពឹលក្រោយពីក្រុមរបស់លោកធ្វើមិនបានល្អនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលថ្មីនេះ ៕
ដោយ៖តារា