
Marcelo បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo ដែលជាអតីតម៉ាស៊ីនរកគ្រាប់បាល់គ្រប់ពេលរបស់ក្លឹប Real Madrid មិនមែនជាកីឡាករដ៏អស្ចារ្យតែម្នាក់គត់ដែលចាកចេញពីក្លឹប Real Madrid នោះទេ ខណៈដែលគាត់បានចង្អុលបង្ហាញពីលោក Zinedine Zidane និង Raul ។
Ronaldo បានចាកចេញពីក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ៣ សម័យកាលជាប់គ្នា ផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus នៅរដូវក្ដៅនេះ ក្រោយពីបានបញ្ចប់ការស្នាក់រយះពេល ៩ ឆ្នាំដ៏អស្ចារ្យរបស់គាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញ ។
នៅពេលគេសួរថាតើម៉ាឌ្រីដកំពុងនឹកម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលដែរឫអត់? Marcelo បានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំគិតថាអ្នកគាំទ្រក៏នៅចាំដែរអំពី Raul, Zidane … មិនត្រឹមតែ Cristiano ទេ” ។
ក្រុមម៉ាឌ្រីដបានទទួលជ័យជម្នះ ៣ ប្រកួតប៉ុន្តែកំណត់ត្រាឈ្នះ ១០០ ភាគរយរបស់ក្លឹបត្រូវបានបញ្ចប់នៅទឹកដី San Mames កាលពីព្រឹកយប់មិញ ។ ខ្សែប្រយុទ្ធ Isco ជាអ្នកជួយសង្គ្រោះក្រុមម៉ាឌ្រីដឲ្យទទួលបានមួយពិន្ទុនៅនាទី ៦៣ បន្ទាប់ពីកីឡាករ Iker Muniain បានជួយឱ្យក្រុម Bilbao នាំមុខតាំងពីនាទី ១៣ ។
Marcelo បានបន្ថែមថា៖ “លទ្ធផលនេះគឺជាការខកចិត្តមួយ ។ យើងសង្ឃឹមយ៉ាងមុតមាំថានឹងមានលទ្ធផលល្អជាងមុនដែលអាចនឹងឈ្នះការប្រកួត ។ យើងបានផ្តល់នូវអ្វីទាំងអស់ដើម្បីធ្វើ ដូច្នេះហើយយើងបានធ្វើឱ្យប្រសើរឡើងនៅក្នុងតង់ទី ២ ប៉ុន្តែយើងត្រូវតែផ្លាស់ប្តូរពីការប្រកួតនេះហើយគិតពីរឿងបន្ទាប់ ។ យើងមានបាល់ច្រើននិងបង្កើតឱកាសប៉ុន្តែមិនមានគ្រាប់ យើងមានក្រុមដ៏អស្ចារ្យយើងលេងបានល្អ ប៉ុន្តែយើងមិនអាចឈ្នះការប្រកួតបានទេ ។ យើងមិនចង់ទម្លាក់ចំណុចណាមួយនៅទីនេះទេ យើងក៏អត់មានការអត់ធ្មត់បន្តិចដែរបន្ទាប់ពីបានតាមពីក្រោយយើងព្យាយាមធ្វើឱ្យបានលឿន ប៉ុន្តែនេះជាវិធីដែលយើងធ្វើក្នុងកីឡាបាល់ទាត់ ។ យើងបានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានបីពិន្ទុ ប៉ុន្តែយើងត្រូវបាត់បង់វា”៕
ដោយ៖តារា