Arteta ជឿជាក់ថា Odegaard អាចក្លាយជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក

11514

លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal ជឿជាក់ថា Martin Odegaard មានសក្តានុពលក្លាយជាកីឡាករឆ្នើមម្នាក់របស់ពិភពលោក។
កីឡាករវ័យ ២២ ឆ្នាំរូបនេះដែលបានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Real Madrid កាលពីខែមករាត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងម្នាក់ដែលមានភាពលេចធ្លោជាងគេនៅអឺរ៉ុប ខណៈដែលក្រុមកំពូលៗក្នុងពិភពលោកបានតម្រង់ជួរដើម្បីចុះហត្ថលេខាជាមួយគាត់តាំងពេលគាត់មានអាយុ ១៥ ឆ្នាំមកម្លេះ។ ទីបំផុតកីឡាករន័រវេសជ្រើសរើសយក Real Madrid ដើម្បីចាប់ផ្តើមអាជីពរបស់គាត់ ប៉ុន្តែបានបញ្ចប់ដោយការខ្ចីជើងនៅ Heerenveen, Vitesse និង Real Sociedad ដើម្បីទទួលបានបទពិសោធន៍និងសាងសមត្ថភាពមុនចូលរួមជាមួយក្រុមដំបូង។
ទោះបីជាក្រុម Santiago Bernabeu ដំបូងបានសម្រេចចិត្តបញ្ចូលគាត់ទៅក្នុងក្រុមរបស់លោក Zinedine Zidane នៅដើមរដូវកាលនេះក៏ដោយ ក៏គាត់ត្រូវបានគេបញ្ចូនបន្តទៅកាន់ក្លិបភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីបង្ហាញខ្លួនបាន ៩ប្រកួត។ Odegaard បានបង្ហាញមុខ ៣ ដងនៅ Premier League សម្រាប់ក្រុម Arsenal គិតត្រឹមពេលនេះ ហើយគ្រូបង្វឹកលោក Arteta ក៏បាននិយាយអំពីយុវជនដ៏ឆ្នើមរូបនេះផងដែរ។
គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ “គាត់មានសក្តានុពល (ក្លាយជាមនុស្សម្នាក់ដែលល្អបំផុត)។ ខ្ញុំបានតាមដានគាត់យ៉ាងជិតស្និទ្ធនៅពេលគាត់នៅ Real Sociedad ហើយគាត់ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់នៅទីនោះអស់រយៈពេលជាយូរមកហើយ។ គាត់មានរដូវកាលជោគជ័យនៅទីនោះ ហើយជាហេតុផលមួយដែលធ្វើឱ្យខ្ញុំជឿជាក់ថា គាត់ជាកីឡាករម្នាក់សម្រាប់ពួកយើង។ គាត់ជាកីឡាករម្នាក់ដែលខ្ញុំពិតជាចូលចិត្ត ហើយដូចអ្នកនិយាយអញ្ចឹងនៅតែមានសក្តានុពលធំធេងដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀត”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី