
អ្នកចាំទី Keylor Navas របស់ក្លិប Real Madrid បានសារភាពថាក្លិបយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះកំពុងតែនឹក Cristiano Ronaldo បន្ទាប់ពីពួកគេបានបានប្រកួតចាញ់កាលពីយប់មិញនេះ ។
ក្រុមម៉ាឌ្រីដបានទទួលរងបរាជ័យ ១-០ ក្រោមស្នាដៃក្រុមយក្សរបស់រូស្ស៊ី CSKA Moscow ក្នុងក្របខ័ណ្ឌ Champions League ដោយពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេតាមរយះបីប្រកួតកន្លងមកនេះ ។ Ronaldo បានចាកចេញពីទីក្រុងម៉ាឌ្រីដផ្ទេរទៅលេងនៅក្លឹប Juventus កាលពីខែកក្កដា ដែលជាអ្នករកគ្រាប់បាល់បានច្រើនបំផុតរបស់ក្លឹបចំនួន ៤៤ គ្រាប់កាលពីរដូវកាលមុន ។
អ្នកចាំទីសញ្ជាតិកូស្តារីការរូបនេះបាននិយាយថា៖ “Cristiano បានចាកចេញឆ្ងាយពីក្លឹប Real Madrid ។ អ្នកមិនអាចបាំងព្រះអាទិត្យដោយម្រាមដៃបាននោះទេ ។ គាត់បានរកគ្រាប់បាល់ជាច្រើននៅពេលគាត់នៅទីនេះ ប៉ុន្តែវាជាអតីតកាលហើយយើងមិនអាចរស់នៅក្នុងអតីតកាលបានទេ” ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី ២ របស់កីឡាករ Nikola Vlasic គឺគ្រប់គ្រាន់សម្រាប់ក្លឹប CSKA Moscow ឈរលើកំពូលតារាងនៃពូល G ដោយមាន ៤ ពិន្ទុ ។ វាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ មកដែល Real Madrid មិនបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតបីលើកជាប់ៗគ្នាបែបនេះ ។
Navas បានបន្តថា៖ “យើងមានការសោកស្តាយព្រោះពួកគេមានឱកាសមួយហើយធ្វើវាបានសម្រេច ។ យើងបានបង្កើតឱកាសមួយចំនួនផងដែរ ប៉ុន្តែមិនអាចទទួលបានវាឡើយ ។ នៅរាល់ការប្រកួតអ្នកចង់រកគ្រាប់បាល់ហើយយើងមានឱកាសខ្លះដើម្បីធ្វើដូច្នេះ យើងមានសំណាង ។ យើងចង់ចាប់ផ្តើមការស៊ុតបញ្ចូលទីម្តងទៀតនៅក្នុងការប្រកួតនាពេលខាងមុខ “៕
ដោយ៖តារា