វីរបុរស Real ថា Ronaldo ជាមនុស្សអាត្មានិយមណាស់ ល្មោភរកតែគ្រាប់មិនខ្វល់ពីអ្នកណាទេ

32752

លោក Antonio Cassano បានធ្វើការរិះគន់ទៅលើកីឡាករ Cristiano Ronaldo បន្ទាប់ពីក្រុម Juventus រងបរាជ័យក្រោមថ្វីជើងក្រុម Porto ក្នុងលទ្ធផល ២-១ នាការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃពុធ។
មួយគ្រាប់ចុងម៉ោងរបស់ Federico Chiesa វាមិនទាន់គ្រប់គ្រាន់ជួយ Juventus ទទួលជ័យជម្នះនោះទេ ប៉ុន្តែការស៊ុតបញ្ចូលទីនេះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំក្លាយជាកីឡាករដំបូងគេរបស់ក្រុមសេះបង្កង់ Juventus ដែលរកបានគ្រាប់ចុងក្រោយនៅក្នុងការប្រកួតនៃវគ្គជម្រុះ UCL ក្រៅពីកីឡាករព័រទុយហ្កាល់ Ronaldo ចាប់តាំងពីការមកដល់របស់ខ្សែ្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ កាលពីឆ្នាំ ២០១៨ ។
វីរបុរសអ៊ីតាលី Cassano បាននិយាយទៅកាន់ Christian Vieri នៅលើ Twitch ថា៖ “ខ្ញុំតែងតែនិយាយថា Cristiano Ronaldo គឺជាបាតុភូតមួយ។ គាត់ប្រហែលជាអាចរកគ្រាប់បាល់បានរាប់ពាន់លានគ្រាប់ ប៉ុន្តែគាត់ប្រហែលជាមានបញ្ហាជាមួយនឹងគំនិតរបស់លោក Andrea Pirlo នៃការប្រកួត។ គាត់តែងតែគិតតែពីអាត្មានិយម គាត់មិនខ្វល់ទេប្រសិនបើអ្នកផ្សេងរកគ្រាប់បាន គាត់រស់នៅដើម្បីរកគ្រាប់ខ្លួនឯងប៉ុណ្ណោះ។ គាត់មិនរស់សម្រាប់កីឡាបាល់ទាត់ទេ គាត់រស់នៅដើម្បីគ្រាប់បាល់ខ្លួនឯងប៉ុណ្ណោះ វាច្បាស់ណាស់”។
អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើបន្ថែមថា៖ “ប្រសិនបើអ្នកដាក់ Xavi, Iniesta, Modric ឬ Kroos នៅពីក្រោយគាត់ គាត់នឹងរកបាន ៥០ គ្រាប់។ ប៉ុន្តែគំនិតកំពុងតែផ្លាស់ប្តូរនៅ Juventus ហើយពួកគេមានវិធីសាស្រ្តថ្មី។ ចូរនិយាយដោយស្មោះត្រង់ គាត់មានបញ្ហានៅទីនោះ។ ឆ្នាំកំពុងកន្លងផុតសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែសម្រាប់គាត់ក៏ដោយ”។
ក្នុងការបង្ហាញខ្លួន ២៧ ប្រកួតនៅរដូវកាលនេះ កីឡាករចាស់វស្សា Cristiano Ronaldo រកបាន ២៣ គ្រាប់ និងបញ្ចូនបាល់ ៣លើក។ ខណៈនៅក្នុងក្របខណ្ឌ Champions League គាត់បានស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ក្នុង ៥ ប្រកួត៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី