ក្រោយធ្វើព្យុះភ្លៀងរួមគ្នាយប់មិញ Son ថា ខ្លួនពិតជារីករាយណាស់ក្នុងការលេងជាមួយ Bale

13253

Son Heung-min បាននិយាយថា គាត់ពិតជារីករាយក្នុងការលេងជាមួយ Gareth Bale បន្ទាប់ពីសហការជាមួយគ្នាយ៉ាងយល់ចិត្តជួយក្រុម Tottenham Hotspur បង្ហាញឥទ្ធិពលដ៏អស្ចារ្យនៅក្នុងក្របខណ្ឌ Europa League ។
Bale បានធ្វើឱ្យក្រុម Spurs មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានចាប់ផ្តើមការប្រកួតជាជម្រើសដំបូងដ៏កម្រមួយក្នុងក្របខណ្ឌ Europa League (លីគលំដាប់ទី២ អឺរ៉ុប) កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដោយបានស៊ុតបាល់បញ្ចូលទី ១ គ្រាប់ និងបញ្ចូនបាល់មួយលើក ខណៈដែលក្រុមនៅភាគខាងជើងទីក្រុងឡុងក្រោមការដឹកនាំរបស់លោក Jose Mourinho បានទទួលជ័យជម្នះ ៤-១ ក្នុងការប្រកួតជើងទី ១ នៃការប្រកួតជម្រុះវគ្គ ៣២ក្រុមចុងក្រោយ ទល់នឹងក្រុម Wolfsberg ។
កីឡាករខ្ចីជើងពីក្លិបអធិរាជស Real Madrid បានបញ្ចូនបាល់ឱ្យតារាឆ្នើមអាស៊ី Son តែតបញ្ចូលទីនាំមុខម្ចាស់ផ្ទះនៅនាទីទី១៣ ខណៈខ្សែប្រយុទ្ធអន្តរជាតិវេលវ័យ ៣១ឆ្នាំ Gareth Bale បានបន្ថែមមួយគ្រាប់ទៀតឱ្យ Tottenham នៅ ១៥នាទីក្រោយ ហើយខ្សែប្រយុទ្ធកូរ៉េខាងត្បូង គឺបានធ្វើការកោតសរសើរចំពោះតារាល្បឿនលឿនរូបនេះជាខ្លាំងក្រោយចប់ការប្រកួត។
Son បាននិយាយក្រោយទទួលជ័យជម្នះអំពី Bale ថា៖ “ខ្ញុំពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ ខ្ញុំពិតជារីករាយណាស់ដែលគាត់ទទួលបានការលេងប្រកួត និងបានស៊ុតបាល់បញ្ចូលទី និង Assist ។ ខ្ញុំពិតជារីករាយក្នុងការលេងជាមួយគាត់ណាស់”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី