
Unai Emery អ្នកចាត់ការក្រុម PSG បានលើកឡើងថា Neymar នឹងបង្ហាញទម្រង់លេងដល់កម្រិតកំពូល ពេលប៉ះ Real Madrid នៅ UEFA Champions League វគ្គ១៦ក្រុម ជើងទី២ នៅខែក្រោយ បន្ទាប់ពីជើងទី១ កីឡាករប្រេស៊ីលរូបនេះ ហាក់ស្ងប់ស្ងាត់ ខណៈដែល PSG ចាញ់ ៣-១ នៅទឹកដីអេស្ប៉ាញ។
Neymar បានទទួលការរិះគន់ពីអ្នកគាំទ្រជាច្រើន ដោយពួកគេយល់ថា កីឡាករវ័យ២៦ឆ្នាំរូបនេះ ពុំបានបង្ហាញទម្រង់លេងល្អនោះទេ ក្នុងការប្រកួតដែល PSG ចាញ់ Real Madrid នៅជើងទី១ ប៉ុន្តែអ្នកចាត់ការ Emery ជឿថា អតីតកីឡាករក្រុម FC Barcelona រូបនេះ នឹងបង្ហាញទម្រង់លេងភ្ញាក់ផ្អើលឡើងវិញ ហើយជឿថានឹងអាចជួយឲ្យ PSG ទម្លាក់ Real Madrid បាន ដើម្បីឡើងទៅវគ្គ៨ក្រុម។
“សម្រាប់គំនិតខ្ញុំ Neymar លេងបានល្អហើយ (នៅជើងទី១)។ គាត់បានព្យាយាមគ្រប់យ៉ាងដ៏អស្ចារ្យដែរ ដើម្បីកែស្ថានការណ៍ក្នុងការប្រកួត។ គាត់អាចបង្កើនឥទ្ធិពលនៅជើងទី២ ខ្ញុំជឿថាគាត់អាចធ្វើបាន ព្រោះជាប្រកួតក្នុងផ្ទះ។ គាត់នឹងបង្ហាញដល់គ្រប់គ្នាបានដឹងថា តើគាត់ល្អកម្រិតណា”។ អ្នកចាត់ការវ័យ ៤៦ឆ្នាំ បានបញ្ជាក់៕
ដោយ៖ តារា