
ខ្សែបម្រើ Paul Pogba របស់ក្លឹបបីសាចក្រហម Manchester United បានអះអាងថាគាត់ត្រូវបានគេហាមឃាត់មិនឱ្យនិយាយជាមួយអ្នកកាសែតបន្ទាប់ពីការរិះគន់របស់គាត់ទៅលើក្រុមកាលពីក្នុងសប្តាហ៍ថ្មីៗនេះ ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានទួញសោកចំពោះការខ្វះខាតភាពបន្ទាន់របស់ក្រុម Man Utd និងការលេងយឺតយ៉ាវក្រោយពីការប្រកួតស្មើ ១-១ ជាមួយក្រុម Wolves កាលពីថ្ងៃទី ២២ ខែ កញ្ញា ដែលបានធ្វើឱ្យលោក Jose Mourinho ដកតំណែងខ្លួនជាអនុប្រធានក្រុម ។
ខ្សែបម្រើដែលឈ្នះពានរង្វាន់ World Cup រូបនេះបានរក្សាតំណែងរបស់គាត់នៅក្នុងជម្រើស ១១ នាក់ដំបូងចាប់តាំងពីពេលនោះមក ប៉ុន្តែគាត់ត្រូវបានគេរាយការណ៍ថាត្រូវបានហាមឃាត់មិនឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួតដោយមន្ត្រីក្លឹបចំពេលមានការអះអាងពីភាពចលាចលនៅក្នុងបន្ទប់សំលៀកបំពាក់របស់ក្លឹប Man United ។ Paul Pogba បានបញ្ជាក់ថាមានបញ្ហាជាមួយនឹងការនិយាយរបស់លោកបន្ទាប់ពីការបរាជ័យកាលពីថ្ងៃសៅរ៍លើក្រុម West Ham United ជាកន្លែងដែលលោកត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការប្រកួតដោយអ្នកសារព័ត៌មាននៅពេលលោកចាកចេញពីកីឡដ្ឋាននៅក្នុងទីក្រុងឡុងដ៍ដែលលោកបានឆ្លើយតបថា “អ្នកចង់ឱ្យខ្ញុំស្លាប់មែនទេ?” ។
ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះវាហាក់បីដូចជាកីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានគេព្រមានជាផ្លូវការ ខណៈដែលគាត់បានឆ្លើយតបយ៉ាងទទូចចំពោះការស្នើសុំរបស់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួតនៅរាត្រីថ្ងៃអង្គារជាមួយក្រុម Valencia ដោយនិយាយថា៖ “ខ្ញុំត្រូវបានគេប្រាប់ថាខ្ញុំមិនត្រូវបានអនុញ្ញាតឡើយ” ។ ទំនាក់ទំនងចុះខ្សោយរបស់ Pogba ជាមួយនឹងលោក Mourinho ត្រូវបានចងក្រងជាឯកសារយ៉ាងច្រើនក្នុងរយៈពេល ២ ខែចុងក្រោយនេះដោយមានពាក្យចចាមអារ៉ាមអំពីការមិនចុះសម្រុងគ្នារវាងអ្នកទាំងពីរដែលបណ្តាលឱ្យការចាប់ផ្តើមមិនបានល្អរបស់ក្រុមបិសាចក្រហមនៅយុទ្ធនាការឆ្នាំ ២០១៨-១៩ ។
ក្រុម Man United បានធ្លាក់ចេញពីពានរង្វាន Carabao Cup និងមានតែ ១០ ពិន្ទុតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League និងប្រកួតត្រឹមតែស្មើ ០-០ ជាមួយ Valencia ដែលកំពុងតែប្រឈមនឹងការប្រកួតដ៏លំបាកដើម្បីឈានទៅជុំបន្ទាប់នៃក្របខ័ណ្ឌ Champions League ។ ក្លឹបបិសាចក្រហម Manchester United នឹងទទួលក្រុមភ្ញៀវ Newcastle នៅយប់ថ្ងៃសៅរ៍នេះនៅក្នុងក្របខ័ណ្ឌ Premier League ខណះពួកគេកំពុងខិតខំស្ដារក្រុមរបស់ពួកគេដើម្បីស្វែងរកជ័យជំនះមកវិញ ៕
ដោយ៖តារា