បញ្ហារបួសសាច់ដុំរបស់អ្នកចាំទី ស៊ូ យ៉ាទី ដូចម្ដេចហើយ? ខណៈលីគរដូវកាលថ្មី ជិតមកដល់

17878

បញ្ហារបួសសាច់ដុំរបស់អ្នកចាំទី ស៊ូ យ៉ាទី អំឡុងការប្រកួតមិត្តភាពជាមួយក្លិបថ្មីថ្មោងព្រៃវែងអេហ្វស៊ី ត្រូវបានគ្រូបង្វឹកលោក មាស ចាន់ណា ទម្លាយប្រាប់ពីស្ថានភាព។
ការប្រកួតជើងឯក Metfone Cambodian League ឬលីគកំពូលកម្ពុជា រដូវកាលថ្មី២០២១ គ្រោងនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ ពោលគឺសល់មិនដល់ ១០ថ្ងៃទៀតនោះទេ យើងបានទទួលទស្សនាការប្រកួតជក់ចិត្ត ដែលមាន ១៣ក្រុមចូលប្រកួតប្រជែង ខណៈក្រុមនីមួយៗបានពង្រឹងនិងពង្រីកក្រុមរបស់ខ្លួនរៀងៗគ្នា។
មុនបើករដូវកាលឡើងវិញ កម្ពុជាយើងហាក់រៀងផុសផុលខ្លាំងមែនទែន ដោយក្លិបមួយចំនួនបានរៀបចំការប្រកួតមុនបើករដូវកាល ឬ Pre-Season ដើម្បីកម្ដៅសាច់ដុំ និងតេស្តកីឡាករថ្មីៗរបស់ខ្លួន។ ជាក់ស្ដែងដូចជា ក្លិបជើងឯកលីគកំពូល ៣សម័យកាល ណាហ្គាវើលដ៍ ក៏មានការប្រកួតមញាញឹកផងដែរ ខណៈការប្រកួតប៉ះក្រុមថ្មីទើបឡើងមកលីគទី២ កម្ពុជា ព្រៃវែង បានធ្វើឱ្យអតីតអ្នកចាំទីបឹងកេត ស៊ូយ៉ាទី របួសបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមសម្រាប់រដូវកាលថ្មី។
ថ្លែងប្រាប់ CNCC គ្រូបង្គោលលោក មាស ចាន់ណា បានបញ្ជាក់ប្រាប់ថា៖ “របួសរបស់គេកើតឡើងពេលប្រកួតសមជើងជាមួយព្រៃវែង ជិត២សប្ដាហ៍ហើយ។ ស្ថានភាពរបស់គេមិនធ្ងន់ខ្លាំងពេកទេ ហើយគេប្រាកដជាជាទាន់សម្រាប់ការប្រកួតបើកឆាកជាមួយបឹងកេត”។
ចាប់ផ្ដើមក្បាលរដូវកាលដំបូង ណាហ្គាវើលដ៍ នឹងត្រូវធ្វើការប្រកួតតទល់ជាមួយក្រុមការពារតំណែងជើងឯកក្លិប បឹងកេត នៃក្របខណ្ឌ Metfone Cambodian League ខណៈកីឡដ្ឋានថ្មីផ្ទាល់ខ្លួនរបស់ក្លិបអ្នកមានមួយនេះ បានចាប់ផ្ដើមសាងសង់ហើយ ដោយជ្រើសរើសយកខេត្តកំពង់ស្ពឺ ធ្វើជាទឹកដីរបស់ខ្លួន ដែលការសាងសង់គ្រោងនឹងបញ្ចប់នៅចន្លោះឆ្នាំ២០២២-២០២៣៕ ដោយ៖ តារា រូបភាព៖ CNCC

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី