
Phil Foden បានលើកឡើងថា David Silva គឺជាអ្នកជម្រុញទឹកចិត្តដ៏ធំធេងបំផុតរបស់គាត់នៅក្នុងវិស័យបាល់ទាត់និងបានកំណត់នូវទស្សនៈរបស់គាត់ក្នុងការធ្វើត្រាប់តាមតារាសញ្ជាតិអេស្បាញរូបនេះនៅក្លឹប Manchester City ។
Foden ត្រូវបានគេចាត់ទុកថាជាតារាឆ្នើមម្នាក់នាពេលអនាគតនិងត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំជាលើកដំបូងសម្រាប់ការប្រកួតជម្រុះពានរង្វាន់ European Championship របស់ពួកគេជាមួយប្រទេស អង់ឌរ៉ា និង ស្កុតឡេន ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនចំនួន ៥ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Pep Guardiola នៅរដូវកាលនេះ ប៉ុន្តែគាត់ទទួលស្គាល់ថាគាត់មានឱកាសរៀនសូត្រពីកីឡាករល្អបំផុតម្នាក់ ។
នៅពេលសួរថាតើអ្នកណាជាអ្នកបំផុសគំនិតដ៏ធំបំផុតនៅក្នុងកីឡាបាល់ទាត់នោះ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “David Silva ព្រោះខ្ញុំបានឃើញគាត់មកលេងនៅ Man City ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់យើង ហើយខ្ញុំពិតជារីករាយក្នុងការមើលគាត់ ។
នៅពេលត្រូវបានសួរថាតើខ្លួនចង់ធ្វើតាមគំរូកីឡាករវ័យ ៣២ ឆ្នាំនោះដែរែទេ? Foden បានបន្ថែមថា៖ “មែនហើយពិតជាចង់ ។ ខ្ញុំតាមមើលគាត់យ៉ាងខ្លាំង គាត់ជាកីឡាករដ៏អស្ចារ្យនិងជាមនុស្សម្នាក់ដែលខ្ញុំចង់ក្លាយដូចនាពេលអនាគត “។
គួរបញ្ជាក់ផងដែរថា ក្រោយពីស្មើ ០-០ ជាមួយក្លឹបហងក្រហម Liverpool ក្លឹបមេឃខៀវ Manchester City នឹងត្រូវប្រកួតជាមួយក្រុម Burnley នៅថ្ងៃទី ២០ ខែ តុលា បន្ទាប់មកបន្តប្រកួតតទល់ជាមួយក្លឹប Shakhtar Donetsk នៅក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៤ ខែ តុលា បន្តទៀត ៕
ដោយ៖តារា