ខប់ៗ! Ronaldo ក្លាយជាកីឡាករតែម្នាក់គត់រកលើស ២០គ្រាប់ក្នុងមួយរដូវកាល ១២ឆ្នាំជាប់ៗគ្នា

25611

កីឡាករ Cristiano Ronaldo បានបន្តស៊ុតបញ្ចូលទីនៅថ្ងៃអង្គារនេះ ខណៈដែលរូបគេបានជួយក្រុម Juventus ក្នុងលទ្ធផល ៣-០ យកឈ្នះលើក្រុម Spezia ។
មួយគ្រាប់របស់តារាព័រទុយហ្កាល់ បូករួមជាមួយគ្រាប់ Alvaro Morata និង Federico Chiesa បានជួយឱ្យក្រុមលោក Andrea Pirlo ទទួលបាន ៣ពិន្ទុ ខណៈដែល Juventus កំពុងសម្លឹងឆ្ពោះទៅប្រជែងដណ្តើមពានរង្វាន់ក្របខណ្ឌ Serie A ។ ហើយជាមួយនឹងគ្រាប់បាល់នាទីទី ៨៣ របស់គាត់ Ronaldo បានបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុត។ ជាមួយនឹងគ្រាប់បាល់របស់គាត់កាលពីថ្ងៃអង្គារ Ronaldo បានក្លាយជាកីឡាករតែម្នាក់គត់ដែលអាចរកគ្រាប់បាល់បានយ៉ាងហោចណាស់ ២០ គ្រាប់ក្នុងមួយរដូវកាល នៅ ១២ឆ្នាំចុងក្រោយនៃលីគកំពូលទាំង៥ អឺរ៉ុប។
កំណត់ត្រាមួយនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៩-២០១០ ដែលជារដូវកាលដំបូងរបស់គាត់ជាមួយក្រុម Real Madrid បន្ទាប់ពីគាត់រកបាន ១៨ គ្រាប់ប៉ុណ្ណោះអំឡុងរដូវកាលចុងក្រោយរបស់គាត់ជាមួយក្រុម Manchester United ។ តារាព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីយ៉ាងហោចណាស់ ២៥គ្រាប់ក្នុងមួយរដូវកាលទាំង ៩ឆ្នាំរបស់គេនៅក្រុមស្ដេចស។
ចាប់តាំងពីផ្លាស់ទៅក្លឹបសេះបង្កង់ Juventus មក Ronaldo បានធ្លាក់ចុះបន្តិច ព្រោះគាត់រកបានត្រឹមតែ ៥២ គ្រាប់ប៉ុណ្ណោះក្នុង ២ រដូវកាលដំបូងរបស់គាត់នៅ Serie A ។ បច្ចុប្បន្នគាត់បានរកគ្រាប់បាល់បាន ២០ គ្រាប់ជាមួយនឹងការបញ្ចប់ទីរបស់គាត់ទល់នឹងក្រុម Spezia ដោយរកបាន ៧គ្រាប់បន្ថែមទៀត នៅការប្រកួតផ្សេងទៀតនារដូវកាល២០២០/២០២១នេះ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី