
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប វិសាខា កីឡាករ កែវ សុខផេង បានបង្ហើបថាខ្លួនរីករាយនៅពេលដែលគ្រូបង្វឹកបានកោះហៅ ចាន់ វឌ្ឍានាកា ចូលក្រុមជម្រើសជាតិ សារជាថ្មី ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត ក្នុងរាត្រីនេះ និង សិង្ហបុរី នៅថ្ងៃទី ១៦ ខាងមុខនេះ ។
យើងទាំងអស់គ្នាបានដឹងហើយថា វិស័យកីឡាបាល់ទាត់កម្ពុជាចាប់ផ្ដើមផ្ទុះខ្លាំងឡើងដោយសារខ្សែប្រយុទ្ធឆ្នើមទាំងបីនាក់ រួមមាន ប្រាក់ មុន្នីឧត្តម , កែវ សុផេង និង ចាន់ វឌ្ឍានាកា បានធ្វើឲ្យអ្នកគ្រាំទ្រសម្រុកទៅទស្សនាពេញៗពហុកីឡាដ្ឋានជាតិអូឡាំពិករាល់ការប្រកួតនៅក្នុងផ្ទះម្ដងៗ ។ ដោយសារការបង្ហាញទម្រង់លេងល្អៗរៀងខ្លួនជាពិសេសគឺការលេងស៊ីចង្វាក់គ្នារវាងអ្នកទាំងបីរក្នុងការបង្កើតឱកាស និងការរកគ្រាប់បាល់ គ្រប់ការប្រកួត កន្លងមក ។ ប៉ុន្តែដោយសាររបួសទើប ចាន់ វឌ្ឍានាកា ត្រូវបានអ្នកចាត់ការថ្មីលោក ហុងដា មិនបានកោះហៅកាលពីប្រកួតមិត្តភាពទល់នឹង ម៉ាឡេស៊ី កន្លងទៅនេះ ។ ហើយអតីតកីឡាកររបស់ក្លឹប បឹងកេត និង ភ្នំពេញក្រោន រូបនេះបានបង្ហាញអារម្មណ៍រីករាយដែលបានឃើញ ចាន់ វឌ្ឍានាកា និង ប្រាក់ មុន្នីឧត្តម ត្រូវបានគេកោះហៅចូលក្រុមជម្រើសជាតិវិញ ។
កែវ សុខផេង បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តនៅពេលដឹងថាគ្រូបង្វឹកកោះហៅវឌ្ឍនាកានិងឧត្តមចូលក្រុមជម្រើសជាតិកម្ពុជា ខ្ញុំលេងស៊ីចង្វាក់គ្នាជាមួយវឌ្ឍនាកានិងឧត្តម ពីព្រោះពួកយើងលេងជាមួយគ្នាបានច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជា” ។
គួរបញ្ជាក់ផងដែរអ្នកទាំង ៣ នាក់នេះសុទ្ធសឹងតែធ្លាប់ទៅលេងនៅលីគកំពូលរបស់ម៉ាឡេស៊ី កាលពីរដូវកាលកន្លងទៅនេះ ប៉ុន្តែពួកគេត្រូវបានក្លឹបរបស់ពួកគេផ្ដាច់កុងត្រាវិញនៅពាក់កណ្ដាលរដូវកាលដោយសារបង្ហាញទម្រង់លេងមិនសូវបានល្អទៅតាមអ្វីដែលក្លឹបទាំងនោះត្រូវការ ខណះ កែវ សុខផេង លេងនៅក្លឹប PKNP , ប្រាក់ មុន្នីឧត្តម លេងនៅក្លឹប Negeri Sembilan និង ចាន់ វឌ្ឍានាកា លេងនៅក្លឹប Pahang FA ៕
ដោយ៖តារា
រូបភាព៖ FFC