
Zlatan Ibrahimovic ហាក់ដូចជាសប្បាយរីករាយខ្លាំងណាស់ជាមួយនិងជីវិតនៅលើទឹកដីសហរដ្ឋអាមេរិក ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៥ ប្រកួតសម្រាប់ក្លឹប LA Galaxy ចាប់តាំងពីចាកចេញពីក្រុម Manchester United កាលពីខែ មីនា ឆ្នាំ ២០១៨ កន្លងមក ។
Ibrahimovic ត្រូវបានចុះហត្ថលេខាដោយលោក Jose Mourinho កាលពីឆ្នាំ ២០១៦ ប៉ុន្តែបានរងបរាជ័យក្នុងការត្រលប់ទៅកាន់បីសាចក្រហមវិញម្ដងទៀតក្រោយពីទទួលរងនូវការរងរបួសសរសៃពួរជង្គង់ ។ ការបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងក្លឹប LA Galaxy បានទាក់ទាញក្រសែភ្នែកក្លឹបធំៗជាច្រើន ហើយគាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់រយៈពេលខ្លីទៅកាន់ទ្វីបអឺរ៉ុបនៅខែមករាខាងមុខនេះ ខណៈដែលក្លឹប AC Milan ក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ ។
លោក Mark Ogden បានសរសេរនៅក្នុង ESPN ថា៖ “ប្រសិនបើពាក្យចចាមអារ៉ាមដែលធ្វើឱ្យការប្រកួតបាល់ទាត់នៅក្នុងទីក្រុង Manchester ត្រូវបានជឿជាក់នោះលោក Jose Mourinho កំពុងពិចារណាលើការផ្លាស់ប្តូរមួយដើម្បីនាំយកកីឡាករ Zlatan Ibrahimovic ត្រឡប់ទៅកាន់ក្លឹប Manchester United វិញនៅខែមករាខាងមុខនេះ “។
គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Romelu Lukaku បច្ចុប្បន្នកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ដោយមិនទាន់រកគ្រាប់បាល់បាននៅឡើយនោះទេក្នុងរយះ ៦ ប្រកួតចុងក្រោយនេះ ៕
ដោយ៖តារា