
Mohamed Salah នឹងមិនត្រូវបានគេចោទប្រកាន់នោះទេបន្ទាប់ពីវីដេអូមួយបានបែកធ្លាយអំពីខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool ដែលកំពុងប្រើទូរស័ព្ទខណៈពេលដែលកំពុងបើកបរដោយប៉ូលីសបាននិយាយថាភស្តុតាងមិនគ្រប់គ្រាន់ ។
វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ក្នុងខែសីហាបានបង្ហាញថាកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះកំពុងប្រើទូរស័ព្ទនៅក្នុងរយន្តពេលកំពុងបើកបរ ។ ក្លិបហង្សក្រហម Liverpool បានបញ្ជាក់នៅពេលនោះថាក្លឹបបានជូនដំណឹងដល់ប៉ូលីសបន្ទាប់ពីការពិភាក្សាជាមួយកីឡាករហើយនឹងដោះស្រាយបញ្ហានេះហើយគួរតែមានការតាមដានណាមួយ ។ ទោះជាយ៉ាងណាប៉ូលីសនៅ Merseyside បានបញ្ជាក់ថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដល់ទោសអតីតកីឡាកររបស់ក្លឹប AS Roma រូបនេះនោះឡើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសបាននិយាយថា៖ “យើងអាចបញ្ជាក់ថាបុរសវ័យ ២៦ ឆ្នាំម្នាក់ត្រូវបានគេនិយាយអំពីឧប្បត្តិហេតុនៅ Arkles Lane ក្នុងទីក្រុង Liverpool កាលពីថ្ងៃអាទិត្យ ទី ១២ ខែសីហា ។ ការស៊ើបអង្កេតបានកើតឡើងហើយភ័ស្តុតាងមិនគ្រប់គ្រាន់ដើម្បីឈានរដល់ការកាត់ទោស ដូច្នេះហើយមិនមានវិធានការអ្វីផ្សេងទៀតនឹងត្រូវបានអនុវត្តទេ “។
Salah ត្រូវបានមន្រ្តីរបស់ក្លឹបបានផ្តល់ដំបូន្មាននិងបានណែនាំជុំវិញការប្រើទូរស័ព្ទដៃនៅក្នុងរថយន្តផងដែរ ។ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីចំនួន ៤៤ គ្រាប់នៅក្នុងរដូវកាលមុន នៅរដូវកាលថ្មីរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Salah ចាប់ផ្តើមមិនសូវបានល្អប៉ុន្មាននោះទេនៅក្នុងយុទ្ធនាការរដូវកាល ២០១៨/១៩ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះនៅក្នុងការបង្ហាញខ្លួនចំនួន ១១ ដងនៅរដូវកាលថ្មីនេះ ។
ទោះបីជាយ៉ាងណាក៏ដោយតារាជើងស៊ុតសញ្ជាតិអេហ្ស៊ីបរូបនេះទើបតែទទួលបានពានរង្វាន់ Puskas សម្រាប់ការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យបំផុតរបស់គាត់ទល់នឹងក្លឹប Everton កាលពីរដូវកាលមុនផងដែរ ។ ថ្មីៗនេះ Salah បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់វិរៈបុរសរបស់ក្លឹបហង្សក្រហមលោក Robbie Fowler ដែលបាននិយាយថាខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះនឹងនៅតែរកគ្រាប់បាល់បានច្រើននៅពេលរដូវកាលនេះ ៕
ដោយ៖តារា