
ខ្សែបម្រើ Luka Modric នឹងឈ្នះពានរង្វាន់ Ballon d’Or ជារង្វាន់សម្រាប់រដូវកាលដ៏អស្ចារ្យរបស់រូបគេ នេះបើយោងតាមខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Eden Hazard ។ Luka Modric វ័យ ៣៣ ឆ្នាំរូបនេះអាចជាកីឡាករបញ្ចប់រាជ្ជកាលរបស់ Cristiano Ronaldo និង Lionel Messi ក្នុងការឈ្នះពានរង្វាន់បុគ្គលក្នុងចំណោមកីឡាករឆ្នើមៗជាច្រើនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។
ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះបានដឹកនាំប្រទេសរបស់ខ្លួនឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ក្រោយពីបានជួយអោយក្លឹប Real Madrid ឈ្នះពានរង្វាន់ Champions League ៣ រដូវកាលជាប់ៗគ្នា ។ Eden Hazard ដែលជាគូប្រជែងមួយផ្សេងទៀតសម្រាប់រង្វាន់នេះបាននិយាយថា Modric ដែលជាកីឡាករល្អបំផុតរបស់ FIFA កាលពីខែមុននឹងទទួលបានរង្វាន់នេះ ។
ខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea រូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា៖ “ខ្ញុំមិនគិតថាខ្ញុំនឹងឈ្នះវាទេ ។ តាមគំនិតរបស់ខ្ញុំ Modric សមនឹងទទួលបានវា ។ មានកីឡាករពី ៣ ទៅ ៤ នាក់ខ្ញុំអាចនិយាយបានថាខ្សែការពារ Raphael Varane របស់ Real Madrid និងបារាំងព្រោះគាត់បានឈ្នះពានច្រើនណាស់ ។ ខ្ញុំក៏អាចសមនឹងទទួលបានផងដែរសូមកុំកុហក ។ ប៉ុន្តែតាមការគិតយ៉ាងម៉ត់ចត់ខ្ញុំគិតថា Modric នឹងឈ្នះវាហើយវានឹងក្លាយជារង្វាន់មួយសម្រាប់រដូវកាលដ៏អស្ចារ្យរបស់គាត់ដែលបានឈ្នះពាន Champions League និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup” ។
Hazard និងក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិស្វីសក្នុងការប្រកួត Nations League នៅថ្ងៃសុក្រនេះមុនពេលប៉ះជាមួយក្រុមជម្រើសជាតិហូឡង់នៅថ្ងៃ ១៧ ខាងមុខនេះ ។ ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea រូបនេះបានចាប់ផ្តើមរដូវកាលថ្មីនេះបានយ៉ាងល្អដោយស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ៣ ដងផងដែរក្នុងរយះ ១០ ប្រកួតកន្លងមកនេះ ។ ខណះ Luka Modric និងក្រូអាត នឹងត្រូវប្រកួតតទល់ជាមួយក្រុមតោកំណាច់អង់គ្លេសនៅយប់ថ្ងៃសុក្រផងដែរ ៕
ដោយ៖តារា