
លោក Zlatko Dalic បានប្រាប់ដល់ប្រទេសក្រូអាតឱ្យបំភ្លេចខ្សែប្រយុទ្ធ Mario Mandzukic ខណៈដែលរូបគេកំពុងតែក្លាយជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus ។
Mandzukic បានចូលនិវត្តន៍ពីការបំពេញកាតព្វកិច្ចអន្តរជាតិក្រោយពីជួយប្រទេសរបស់គាត់ឲ្យឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ខណះក្រូអាតស៊ុតបញ្ចូលទីបានត្រឹមតែ ១ គ្រាប់តែប៉ុណ្ណោះក្នុងការការប្រកួត ៣ លើកហើយការប្រកួតចុងក្រោយគឺបានត្រឹមតែស្មើ ០-០ ទល់នឹងអង់គ្លេសកាលពីយប់ថ្ងៃសុក្រនេះ ។ បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ករក្នុងលទ្ធផល ៦-០ ក្រោមថ្វីដៃរបស់អេស្ប៉ាញ ប៉ុន្តែគ្រូបង្វឹកលោក Dalic បាននិយាយថាពួកយើងកំពុងផ្តោតលើអនាគតជាជាងការគិតពីអតីតកាល ។
លោកបាននិយាយថា៖ “វាមិនដូចយើងគិតទេដែលមិនអាចរកគ្រាប់បាល់បានពីរប្រកួតជាប់គ្នា ។ ប៉ុន្តែយើងត្រូវបំភ្លេច Mandzukic ឲ្យបាន ហើយគាត់មិននៅជាមួយយើងទៀតទេ ។ គាត់បានធ្វើការសម្រេចចិត្តរបស់គាត់ហើយយើងត្រូវតែគោរពនិងស្វែងរកដំណោះស្រាយផ្សេងទៀត” ។
ក្រុមតោកំណាច់អង់គ្លេសបានវាយសម្រុកលើពួកគេចំនួនពីរលើកតាមរយៈកីឡាករ Eric Dier និង Harry Kane ខណៈដែល Marcus Rashford បានខ្ជះខ្ជាយឱកាសមាសពីរលើកនៅក្នុងតង់ទី ២ ។
គ្រូបង្វឹកក្រូអាតរូបនេះបាននិយាយទៀតថា៖ “វាជាការប្រកួតដ៏ស្វិតស្វាញមួយដូចដែលយើងបានរំពឹងទុក ។ យើងមានភាពមុតមាំនិងប្រយុទ្ធបានល្អជាងនៅក្នុងការប្រកួតចុងក្រោយ ។ វាមិនមែនជាការងាយស្រួលទេក្នុងការវិលត្រឡប់មកវិញបន្ទាប់ពីការបរាជ័យដ៏ធំមួយវាមិនមែនជាអ្វីដែលយើងគួរតែលេងទេ យើងត្រូវតែមានភាពក្លាហានក្នុងការវាយសម្រុកហើយសម្រេចចិត្តនិងរក្សាបាល់បានល្អ ។ យើងបានបង្កើតនូវឱកាសល្អៗជាច្រើន ប៉ុន្តែក៏មានសំណាងផងដែរដែលពួកគេបានវាយតបមកយើងពីរដងខ្ញុំពេញចិត្តនឹងការប្រកួតនេះ ។ វាមិនងាយស្រួលទេក្នុងការប្រកួតប្រភេទនេះ ( នៅពហុកីឡាដ្ឋានគ្មានអ្នកគ្រាំទ្រ ) វាសោកសៅហើយខ្ញុំសង្ឃឹមថាវាជាលើកចុងក្រោយ ហើយខ្ញុំសង្ឃឹមថាយើងនឹងធ្វើជាម្ចាស់ផ្ទះលេងទល់នឹងអេស្ប៉ាញនៅចំពោះមុខមនុស្សចំនួន ៣០,០០០ នាក់នៅក្នុងពហុកីឡាដ្ឋាន Maksimir ។ ខ្ញុំពេញចិត្តនឹងការលេងរបស់យើងហើយខ្ញុំសង្ឃឹមថាយើងនឹងកាន់តែប្រសើរឡើង” ៕
ដោយ៖តារា