
ខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង កីឡាករ ប៊ីន ចន្ថាធារី របស់ក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា ក្រុមកីឡាករទាំងអស់នឹងខិតខំប្រឹងប្រែងស្វែងរកជ័យជំនះជូនអ្នកគ្រាំទ្រ ខណះកម្ពុជាមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយនោះទេប៉ុន្មានប្រកួតកន្លងមកនេះ ។
ខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង រូបនេះបានជួយក្លឹប Terengganu របស់ខ្លួនឲ្យឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Malaysia Cup 2018 ហើយក៏បានជួយឲ្យក្រុមរបស់ខ្លួនយកឈ្នះលើក្លឹប Johor Darul Ta’zim ក្នុងលទ្ធផល ១-០ ផងដែរនៅជើងទី១ កន្លងទៅនេះផងដែរ ។ ហើយ ធារី ក៏បាននិយាយផ្ដល់ក្ដីសង្ឍឹមដល់អ្នកគ្រាំទ្រកម្ពុជាផងដែរឲ្យបន្តការគ្រាំទ្រទោះការប្រកួតប៉ុន្មានកន្លងមកនេះមិនទាន់ស្គាល់ពាក្យឈ្នះក៏ដោយក៏កីឡាកររូបនេះសន្យាថានឹងខិតខំស្វែងរកជ័យជំនះជួនអ្នកគ្រាំទ្រឲ្យបាននៅល្ងាចនេះ ។
អតីតកីឡាកររបស់ក្លឹប ភ្នំពេញក្រោន និង អគ្គីសនីកម្ពុជា រូបនេះក៏បាននិយាយនៅក្នុងសន្និសិទសារពត៌មានថា៖ ” ២ប្រកួតកន្លងមកនេះកម្ពុជាធ្វើពុំទាន់បានល្អទេ ប៉ុន្តែពួកយើងកំពុងខិតខំស្វែងរកលទ្ធផលល្អជូនអ្នកគ្រាំទ្រ “។
គួរបញ្ជាក់ផងដែរថា ប៊ីន ចន្ថាធារី គឺជាកីឡាកររបស់កម្ពុជាតែម្នាក់តែប៉ុណ្ណោះដែលអាចរក្សាខ្លួនលេងនៅក្នុងក្របខ័ណ្ឌ Malaysia Super League បាន ខណះ ចាន់ វឌ្ឍានាកា , កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម សុទ្ធសឹងត្រូវបានក្លឹបរបស់ពួកគេផ្ដាច់កុងត្រាមុនថ្ងៃកំណត់ទាំងអស់ ៕
ដោយ៖តារា