
ក្លឹបសេះបង្កង់ Juventus អាចនឹងធ្វើការនាំយកកីឡាករសញ្ជាតិកូឡុំប៊ីឱ្យមកជួបជុំជាមួយនឹង Cristiano Ronaldo វិញដែលធ្លាប់បានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំនៅឯក្លឹបអធិរាជស Real Madrid ។ របាយការណ៍របស់ Bleacher Report បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ៦២ លានផោន ។
វិបសាយ Rai Sport បាននិយាយថាក្លឹប Juventus អាចនឹងនាំយកកីឡាករ James Rodriguez ដែលបច្ចុប្បន្នកំពុងតែលេងឱ្យក្លឹប Bayern Munich ក្នុងកុងត្រារយៈពេល ២ ឆ្នាំលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Real Madrid ។ យោងទៅតាម Rai Sport ដ៏ដែលបានឲ្យដឹងទៀតថាសេះបង្កង់ Juventus នឹងបង់ប្រាក់ចំនួន ៦២ លានផោនសម្រាប់កីឡាករ James ហើយក្រុមហ៊ុនសម្លៀកបំពាក់ Adidas បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគទៅលើកីឡាកររបស់កូឡុំប៊ីរូបនេះ ។
Cristiano Ronaldo និង James Rodriguez គឺជាដៃគូរដ៏ល្អឥតខ្ចោះដែលបានជួយគ្នាទៅវិញទៅមកនៅក្នុងក្លឹប Real Madrid ដូច្នេះម្ចាស់អាវលេខ ១០ របស់ក្រុមជម្រើសជាតិ កូឡុំប៊ី រូបនេះនឹងក្លាយជាជំនួយដ៏អស្ចារ្យមួយសម្រាប់ប្រធានព័រទុយហ្គាល់រូបនេះនៅក្នុងក្លឹបសេះបង្កង់ ។ អ្នកទាំងពីរបានលេងជាមួយគ្នានៅក្នុងក្លឹប Real Madrid ក្នុងកំឡុងពេលដែលក្លឹបបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ចំនួនពីរលើក ។
គួរបញ្ជាក់ផងដែរ James Rodriguez ស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ១៣ លើកនៅក្នុងលីគកំពូលអាល្លឺម៉ង់និងអឺរ៉ុបកាលពីរដូវកាលមុន ខណៈដែលរូបគេបានបង្ហាញពីជីវិតដ៏រីករាយនៅក្នុងទឹកដីអាល្លឺម៉ង់ ៕
ដោយ៖តារា