
តារារបស់ក្រុមស៊ាំបាប្រេស៊ីលម្នាក់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប FC Barcelona វិញជាមួយនឹងតម្លៃខ្លួន ២២០ លានអឺរ៉ូនារដូវក្តៅខាងមុខ ។ ក្លឹប Paris Saint-Germain បានកំណត់អត្តសញ្ញាណកំពូលខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Anthony Griezmann រួចទៅហើយដើម្បីទៅជំនួសកន្លែងរបស់ Neymar Jr. ។
មើលទៅហាក់ដូចជាក្លឹប Paris Saint-Germain ត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឲ្យ Neymar ចាកចេញទោះបីជារូបគេបានចូលរួមជាមួយក្លឹបយក្សបារាំងរូបនេះកាលពីរដូវក្តៅឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ។ ប្រព័ន្ធផ្សព្វផ្សាយបារាំងជាច្រើនក៏ដូចជាប្រភពកំពូលរបស់អេស្ប៉ាញដូចជា Mundo Deportivo និង Cadena SER បានអះអាងថាជំហានដំបូងត្រូវបានធ្វើឡើងនៅពេលដែលប្រធានក្លឹបលោក Josep Maria Bartomeu បាននិយាយថាពួកគេចង់ធ្វើការនាំយក Neymar វិលត្រឡប់មកវិញ ។
ក្លឹប PSG ក៏បានចាប់ផ្តើមធ្វើការទៅលើកីឡាករឆ្នើមលំដាប់ពិភពលោកដែលមានសក្តានុពលដើម្បីជំនួសកីឡាករ Neymar នៅក្នុងក្រុមរបស់ពួកគេផងដែរ ។ យោងតាមសារព័ត៌មានបារាំងបានឱ្យដឹងថាពួកគេបានកំណត់អត្តសញ្ញាណអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ជាមួយបារាំងគឺកីឡាករ Anthony Griezmann ដើម្បីជំនួសកីឡាករ Neymar ។ Griezmann ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Fc Barcelona ក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំ ២០១៨ កន្លងមកនេះ ។ ចុងក្រោយលោកបានប្រកាសថាលោកនឹងស្នាក់នៅជាមួយក្លឹប Atletico Madrid បន្តទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ Griezmann អាចពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់គាត់ ខណៈដែលការវិលត្រឡប់ទៅកាន់ទឹកដីបារាំងដែលជាស្រុកកំណើតរបស់គាត់នឹងត្រូវបានគេចាត់ទុកជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយ ។ លើសពីនេះទៅទៀតនៅពហុកីឡាដ្ឋាន Parc des Princes គាត់អាចបង្កើតភាពជាដៃគូរបស់បារាំងទាំងស្រុងជាមួយនឹងមិត្តរួមក្រុមរបស់គាត់ Kylian Mbappe ។ ប្រសិនបើការផ្ទេរនេះអាចកើតមានឡើងពិតមែននឹងត្រូវចំណាយប្រាក់ប្រហែលចំនួន ១៥០ លានអ៊ឺរ៉ូសម្រាប់ PSG ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ខណៈក្លឹបអ្នកមានបុណ្យ Fc Barcelona នឹងត្រូវចំណាយប្រាក់ប្រហែលចំនួន ២២០ លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រារបស់ Neymar ត្រឡប់ទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយការចាប់អារម្មណ៍របស់ PSG ទៅលើ Griezmann បង្ហាញថាក្លឹបយក្សបារាំងមួយនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិចារណាអនុញ្ញាតឲ្យ Neymar ត្រលប់ទៅកាន់ក្លឹប Barcelona វិញ ។ រឿងនេះត្រូវបានគេពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងសារព័ត៌មានរយៈពេលពីរថ្ងៃចុងក្រោយនេះ ។ តារាឆ្នើមរបស់ប្រេស៊ីលរូបនេះមានអារម្មណ៍ថាមិនសប្បាយចិត្តនោះទេនៅទីក្រុងប៉ារីស ខណៈដែលរូបគេខកខានមិនមានភាពអស្ចារ្យនៅក្នុងកីឡដ្ឋាន Camp Nou និងការចាប់ដៃគូរជាមួយ Luis Suarez និង Leo Messi ដែលគេបានដាក់រហ័សនាមថា MSN ៕
ដោយ៖តារា