
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar jr. ត្រូវបានគេរាយការណ៍ថានឹងអាចផ្ទេរទៅលេងនៅក្លឹប Real Madrid ឬវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញក្នុងតម្លៃ ២២០ លានអ៊ឺរ៉ូ ដែលជាតម្លៃប្រហាក់ប្រហែលនៅពេលដែល PSG បាននាំយកកាលពីរដូវក្តៅឆ្នាំ ២០១៧ ដែរ ។ ខណះក្លឹប Barcelona ហាក់បីដូចជាពេញចិត្តក្នុងការចុះហត្ថលេខាលើតារាបាល់ទាត់ប្រេស៊ីលរូបនេះវិញខ្លាំងណាស់ ។
កាលពីថ្ងៃពុធ Mundo Deportivo បានធ្វើចុះផ្សាយស្តីពីការវិលត្រលប់របស់ Neymar ទៅកាន់ទីក្រុង Barcelona ខណៈដែលក្លិបនេះកំពុងបង្កើតព័ត៌មានគួរឲ្យភ្ញាក់ផ្អើលទូទាំងពិភពលោកម្តងទៀត ។ កំពូលតារាបាល់ទាត់ប្រេស៊ីលរូបនេះមានអារម្មណ៍មិនសប្បាយចិត្តនៅ Paris Saint-Germain នោះឡើយ ខណៈដែលគាត់កំពុងនឹកប្រទេសអេស្ប៉ាញ អតីតមិត្តរួមក្រុមរបស់គាត់ និងកម្រិតនៃការប្រកួតក្នុងក្របខ័ណ្ឌ La Liga ។
ស្ថានភាពកិច្ចសន្យារបស់កីឡាករប្រេស៊ីលរូបនេះនៅ Paris Saint-Germain អាចនឹងធ្វើឱ្យក្លឹបយក្សទាំងពីររបស់អេស្ប៉ាញនេះអាចនឹងនាំយកត្រឡប់មកវិញនៅរដូវក្តៅឆ្នាំ ២០១៩ ដែលមានតម្លៃខ្លួនប្រហែល ២២០ លានអឺរ៉ូ ។ លើសពីនេះទៀតការទិញផ្ដាច់កុងត្រារបស់ Neymar នឹងធ្លាក់ថ្លៃជារៀងរាល់ឆ្នាំ ។ ឧទាហរណ៍នៅរដូវក្តៅឆ្នាំ ២០២០ គាត់អាចចាកចេញជាមួយតម្លៃត្រឹមតែ ២០០ លានអឺរ៉ូ ឬតិចជាង នេះបើយោងតាម Cadena SER ។ គំនិតដែលនៅពីក្រោយ Neymar ផ្ទេរទៅកាន់ទីក្រុងប៉ារីសដោយសារគាត់ចង់ឈ្នះពានរង្វាន់ Champions League និង Ballon d’Or ប៉ុន្តែអ្វីដែលគាត់រំពឹងទុកគឺមិនសមបំណងនោះឡើយ ហើយឥឡូវនេះត្រូវបានគ្របដណ្តប់ដោយ Kylian Mbappe ដែលបានលើកពាន World Cup ជាមួយបារាំង និងក្លាយជាវីរបុរសម្នាក់នៅទីក្រុងប៉ារីស ។
Neymar បាននិយាយថា៖ “ខ្ញុំតែងតែមានអារម្មណ៍ល្អនៅទីក្រុងប៉ារីស ហើយមិនមានអ្វីផ្លាស់ប្តូរនោះទេ ហើយនៅលើទីលានខ្ញុំសប្បាយរីករាយណាស់ ខ្ញុំព្យាយាមកែលំអនិងផ្តល់ឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម “។
យោងតាមរបាយការណ៍ថ្មីបំផុតរបស់ El Confidencial ដែលជាការសែតដ៏ល្បីរបស់អេស្ប៉ាញបានឲ្យដឹងថា Neymar នៅតែជាអាទិភាពបំផុតសម្រាប់លោក Florentino Perez បើទោះបីជាត្រូវចំណាយលុយច្រើនដ៏សន្ធឹកសន្ធាប់លើខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលរូបនេះប្រមាណជា ៣០០ លានអឺរ៉ូយ៉ាងណាក៏ដោយ ។ ទោះជាយ៉ាងណាក្លឹប Barcelona ត្រូវបានគេចាត់ទុកថាជាទិសដៅធំបំផុតជាសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបអ្នកមានបុណ្យលែងប្រឆាំងនឹងការវិលត្រលប់របស់គាត់ Neymar ទៀតនោះឡើយ ៕
ដោយ៖តារា